Connect with us

Hi, what are you looking for?

ក្នុងស្រុក

សន្និសីទសារព័ត៌មាន បង្ហាញពីប្រតិបត្តិការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ ក្រោយផលិតវីដេអូបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងមុខមាត់ប្រទេសកម្ពុជា

ព្រះសីហនុ៖ សន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ ដែលផលិតវីដេអូចាប់បង្ខាំងខុសពីការពិត នៅខេត្តព្រះសីហនុ ចេតនាញុះញង់ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងភាពវឹកវរនៅក្នុងសង្គម នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ។

នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ឯកឧត្តម គួច ចំរើន បានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ បានធ្វើដំណើរចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងផលិតវីដេអូចាប់បង្ខាំង ហើយបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីទាក់ទាញអ្នកចូលទស្សនា និងដើម្បីផលប្រយោជន៍លក់ដូរផលិតផលនៅប្រទេសរបស់ខ្លួន។

យោងតាមការសួរចម្លើយ ជនសង្ស័យទាំងពីរនាក់នេះ បានអះអាងថា នៅពេលពួកគេមកដល់ប្រទេសកម្ពុជា គ្រោងផលិតវីដេអូនេះនៅរាជធានីភ្នំពេញ ប៉ុន្ដែអគារដែលបានទៅដល់នោះមិនស្របក្នុងការថតវីដេអូឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញ។

ក្រោយមកដល់ខេត្តព្រះសីហនុ ពួកគេបានទៅអគារមួយកន្លែងនៅម្ដុំឆ្នេរអូរត្រេះ ហើយរៀបចំថតជាវីដេអូ និងឡាយផ្ទាល់នៅលើបណ្ដាញសង្គមដោយប្រឌិតថា រូបគេត្រូវបានគេចាប់បង្ខាំង និងធ្វើទារុណកម្ម ប៉ុន្ដែរូបគេលួចរត់ចេញមកក្រៅបាន។

ឯកឧត្តម គួច ចំរើន បានបន្ថែមថា បន្ទាប់ពីឃើញវីដេអូបែបនេះ លោកបានបញ្ជាកម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ។ ហើយបន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា កំណត់បានទីតាំងរបស់ពួកគេស្នាក់នៅ ហើយឈានដល់ការចាប់ខ្លួនតែម្ដង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។ ឯកឧត្តមបានបញ្ជាក់ថា បើតាមផែនការរបស់ពួកគេ ក្រោយសម្ដែងរួចនៅខេត្តព្រះសីហនុ ពួកគេគ្រោងទៅខេត្តសៀមរាបបន្ដទៀត ប៉ុន្ដែមិនទាន់បានទៅផង ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា តាមរយៈវីដេអូដែលពួកគេសម្ដែងចាប់បង្ខាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជា ពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កំពុងដើរកម្សាន្ត និងរស់នៅប្រកបដោយសុវត្ថិភាព ក្រោមម្លប់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក ចំពោះវិធានការច្បាប់ចំពោះជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ត្រូវបាន ឯកឧត្តម គួច ចំរើន អះអាងថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា រួចទើបបណ្ដេញចេញទៅកាន់ប្រទេសដើមវិញ។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលកំពុងដើរលេងកម្សាន្ដ ឬបម្រុងមកកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកុំមានការព្រួយបារម្ភ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអាចដើរលេងកម្សាន្ដដោយគ្មានការភ័យខ្លាចអ្វីឡើយ។

បន្ថែមពីនេះ ឯកឧត្តមក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងប្រទេសកម្ពុជាឲ្យបានទាំងអស់គ្នា ពោលត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាគោលដៅទេសចរណ៍ ទៅកាន់មជ្ឍដ្ឋានជាតិ និងអន្ដរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរដើម្បីចូលមកកម្សាន្ដ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement