Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅហ្វាយរងស្រុកអូរាំងម្នាក់ស្រវឹងអួទីនួដកកាំភ្លើងភ្ជង់គេផ្អើលពេញផ្លូវ

លោក សុខ សុវណ្ណារិទ្ធ ដែលត្រូវពលរដ្ឋផ្ដល់រហស្សនាមថា អ្នកលេងកាំភ្លើងអារាត់អារាយ

មណ្ឌលគិរី : សាក្សីជាច្រើនបាននិយាយថា ចៅហ្វាយរងស្រុកអូររាំង នៃខេត្តបណ្ឌលគិរីម្នាក់គឺលោកម្ចាស់ សុខ សុវណ្ណារិទ្ធ ក្នុងស្ថានភាពស្រវឹងអួទីនួកាលពីថ្ងៃទី ១៦ កុម្ភៈ បានដកកាំភ្លើងភ្ជង់គេឯងបណ្ដាលឲ្យមានការភ័យខ្លាចលើកំណាត់ផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចខាងមុខវត្តអូររាំង ។

ប្រភពថា ឡានលោកធំរងស្រុកបានប្រដេញរថយន្តមួយគ្រឿងដែលកំពុងបើកដោយមេបញ្ជាការយោធាស្រុកអូររាំងបញ្ជាឲ្យឈប់ហើយក៏ដកកាំភ្លើងខ្លីភ្ជង់ថែមទាំងប្រើពាក្យប្រមាថកាតទានផ្សេងៗ ។ បន្ទាប់មកគេក៏ឃើញលោកអធិការស្រុកចុះមកអន្តរាគមន៍តែក៏ត្រូវលោកធំ សុខ សុវណ្ណារិទ្ធ រេកាំភ្លើងភ្ជង់ទៀត ។ ហេតុការណ៍នេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលភ័យខ្លាច ដល់ពលរដ្ឋ និងអាសូរដល់សីលធម៌របស់មន្ត្រីខ្មែរដែលធ្លាក់ដាបចង់យ៉ាប់ជាងធូលីដីតាមចញ្ចើមផ្លូវ ។

ទាក់ទងករណីខាងលើលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកដ៏ឧត្តុងឧត្តមបានប្រាប់ ANN កាលពីរសៀលថ្ងៃទី ១៧ កុម្ភៈ ម្សិលមិញថា នោះជាការយល់ច្រឡំ , តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេព្រោះសុទ្ធតែគ្នាឯង…ដោយខាងខ្ញុំមានកាំភ្លើង ហើយម្ខាងទៀតក៏មានកាំភ្លើងខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន , ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ ។

យ៉ាងណាក៍ដោយចំពោះសំណុំរឿងនេះមជ្ឈដ្ឋានប្រជាពលរដ្ឋបានស្នើឱ្យក្រសួងមហាផ្ទៃមេត្តាពិនិត្យឡើងវិញចំពោះក្រមសីលធម៌របស់មន្ត្រី ជាពិសេសការប្រើប្រាស់អាវុធអាណាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខផ្លូវចិត្តពលរដ្ឋ និងប្រទេស ខណៈដែលពាក្យសន្តិភាពត្រូវបានប្រតិបត្តិដោយការដឹងគុណនៅគ្រប់ច្រកល្ហក នៃកម្ពុជានោះ ៕

លោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំងដ៍ឧត្តុងឧត្តម?

Advertisement
Advertisement