Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រុកអូររាំងទុកវាសនាអ្នកលេងកាំភ្លើងឲ្យមេខេត្តសម្រេច

(ពីឆ្វេងទៅស្ដាំ)លោក សុខ សុវណ្ណារិទ្ធ , លោក ខាត់ សាក់ , លោក ទិត្យ ប្ញទ្ធិវង្ស

មណ្ឌលគិរី : រដ្ឋបាលស្រុកអូររាំង នៃខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃចន្ទទី ១៩ កុម្ភៈ នេះ បានឲ្យដឹងថា គេនឹងបញ្ជូនសំណុំរឿងប្រើប្រាស់អាវុធអាណាធិបតេយ្យដោយក្រុមមន្ត្រីទៅឲ្យលោកអភិបាលខេត្តជាអ្នកសម្រេច ។

សាលាស្រុកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ថ្មីៗនេះ មានបណ្តាគេហទំព័រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook បានចុះផ្សាយពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការស្រុកអូររាំង តាមដងផ្លូវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ពាក់ព័ន្ធករណីខាងលើ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែល មានកំហុស ។

សូមរំលឹកថា កាលពីអធ្រាត្រថ្ងៃទី ១៥ កុម្ភៈ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយនៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តបណ្ឌលគិរី ខណៈដែលចៅហ្វាយរងស្រុកអូររាំងម្នាក់ឈ្មោះ សុខ សុវណ្ណារិទ្ធ បានដកកាំភ្លើងខ្លីភ្ជង់មេទាហានស្រុកឈ្មោះ ខាត់ សាក់ ។ បើតាមលោក ហាក់ទិត្យ ប្ញទ្ធិវង្ស អធិការស្រុកអូររាំងថា គ្រានោះលោកបានទទួលបញ្ជាឲ្យចុះទៅអន្តរាគមន៍ហើយក៏ត្រូវលោករងស្រុកភ្ជង់ផងដែរ ពេលនោះប្រសិនជាលោកមិនស្ទុះយកម្រាមដៃខ្ទាស់កៃជាប់ ម៉្លេះប្រាកដជាមានឈាមដាបចិញ្ចើមផ្លូវមិនខាន ។

តាមសេចក្ដីរាយការណ៍ថា អំឡុងនោះទាំងពលរដ្ឋដែលមានលំនៅក្បែរៗផ្លូវ ក៏ដូចជាអ្នកឆ្លងកាត់ ម្នាក់ៗព្រលឹងស្ទើរចេញស៊ីព្រលិតអស់ហើយដោយសារតែអ្នកលេងកាំភ្លើងអារាត់អារាយដែលជាភូឈួយស្រុកអូររាំងរូបនេះ ។ តែយ៉ាងណាក៏ដោយសំណុំរឿងនេះពេលរុញទៅដល់លើជ្រុញលោកអភិបាលខេត្ត គឺមានតែលោកអភិបាលទេដែលជាអ្នកសម្រេចថា តើវាសនារបស់ពួកគេត្រូវអាំង ..ស្ងោរចៀន…ឆា ឬយ៉ាងណានោះ ? ៕

(ពីឆ្វេងទៅស្ដាំ)លោក សុខ សុវណ្ណារិទ្ធ , លោក ខាត់ សាក់ , លោក ហាក់ទិត្យ ប្ញទ្ធិវង្ស

Advertisement
Advertisement