Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនTSMW កំពុងពន្លឿនការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំក្រឡាពស់ ទោះមានការរិះគន់ខ្លាំង

ស្ទឹងត្រែង : ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកគាំពារបរិស្ថាន និងព្រៃឈើ រួមទាំងប្រជាពលរដ្ឋផងបានឲ្យដឹងថា បើទោះជាមានការរិះគន់យ៉ាងចម្រូងចម្រាស់ក្ដី ក៏ពុំបានធ្វើឲ្យសកម្មភាពកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុន TSMW (T.S.M.W)  នៅខេត្តស្ទឹងត្រែងថមថយឡើយ , ផ្ទុយទៅវិញមានតែការបង្កើនល្បឿន ។

តាមសេចក្ដីរាយការណ៍ថា ប្រភេទឈើមានតម្លៃខ្ពស់រាប់ម៉ឺនដើមនៅតំបន់ការពារភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានក្រុមកម្មកររបស់ក្រុមហ៊ុនTSMW Co., Ldt កាប់ផ្តួល និងដឹកជញ្ជូនទៅដាក់ក្នុងបរិវេណក្រុមហ៊ុនយ៉ាងសកម្មដើម្បីបំប្លែងជាឈើស្របច្បាប់ ហើយអារច្រៀកដឹកចេញតាមរថយន្តប្រភេទV1ខ្នាតយក្ស ពីរោងម៉ាសុីនអារឈើក្រុមហ៊ុន ដោយមានសាឡាងចំនួន២គ្រឿងរង់ចាំចម្លងឆ្លងទន្លេសេសាន ទាំងថ្ងៃទាំងយប់ ខួបប្រាំង-វស្សា មកលក់នៅទីផ្សារនានាក្នុងប្រទេសកម្ពុជា។ ប្រភពថា ក្រុមហ៊ុនបានឈូសឆាយផ្លូវខ្វាត់ខ្វែង ក្នុងតំបន់ការពារមួយនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ។ ហើយថា ក្រុមហ៊ុនបានធ្វើរឿងដដែលៗ ដើម្បីកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច ហើយលួចចូលទៅកាប់ឈើក្នុងតំបន់ការពារ ។ ប្រភពថា ក្នុងតំបន់នេះមិនមែនមានតែព្រៃឈើប៉ុណ្ណោះទេ នៅខាងក្រោមដីក៏មានធនធានធម្មជាតិជាច្រើន ដូចជារ៉ែមាស ត្បូង និងរ៉ែមានតម្លៃដទៃទៀតផងដែរ។។

សកម្មជនការពារព្រៃឈើលោក មែន ម៉ាត់ ឲ្យដឹងថា ក្រុមហ៊ុន TSMW បានបើកដំណើរការអាជីវកម្មឈើជាងមួយឆ្នាំហើយ ។ ក្រុមហ៊ុននេះបានបញ្ជូនកម្មករជាច្រើននាក់ចូលទៅកាប់ឈើមានតម្លៃក្នុងតំបន់ក្រឡាពស់ ដោយបានប្រើប្រាស់ត្រាទ័រអូសឈើ និងរថយន្តប៉ាកុង ឬអារ៉េវ ដឹកឈើចូលទៅក្នុងបរិវេណក្រុមហ៊ុន។ លោកមានសោកស្តាយព្រៃឈើក្នុងតំបន់ការពារដែលកំពុងរងការកាប់បំផ្លាញឥតឈប់ឈរជារៀងរាល់ថ្ងៃ និងបានសំណូមពរយ៉ាងទទូចដល់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានវិធានការទប់ស្កាត់កុំឲ្យមានការកាប់ឈើក្នុងតំបន់ព្រៃអភិរក្សបន្តទៀត។ ហើយថា ការដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ ដោយខ្វះការតាមដាន ត្រួតពិនិត្យប្រកបដោយតម្លាភាព គ្មានអ្វីចំណេញដល់ប្រទេសជាតិនោះទេ។ ផ្ទុយទៅវិញព្រៃឈើខ្មែរ មានតែវិនាសហិនហោច ឯផលប្រយោជន៍បែរជាធ្លាក់ទៅលើតែមន្ត្រីជំនាញខិលខូចមួយចំនួន និងក្រុមហ៊ុនឈ្មួញឯកជន។

បើតាមពលរពលរដ្ឋក្នុងខេត្តស្ទឹងត្រែងថា ដំណើរការ​ នៃ​ការ​កាប់​បំផ្លាញឈើ​ខុស​ច្បាប់​នេះ គឺ​មាន​ឈ្មោះ ព្រីង ទិត្យា ជា​មេការ​គ្រប់គ្រង​ការ​កាប់​ឈើ  និត ហៅ គ្និត ជា​អ្នក​ទទួល​ខុសត្រូវ ​ដឹក​ឈើ​តាម​សាឡង់​ ឆ្លងកាត់​ទន្លេ ចំណែក​ឈ្មោះ សេង ឬ ជីង៨៧ជា​អ្នក​រត់ការ​សម្របសម្រួលសូក​លុយ ​។

នាយកប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញថា ករណីនេះរដ្ឋាភិបាលគួរធ្វើការស៊ើបអង្កេត និងស្វែងរកការពិត ដោយចាត់វិធានការតាមច្បាប់ឲ្យបានតឹងរុឹងបំផុត ប្រសិនបើរកឃើញថា ក្រុមហ៊ុនមួយនេះបានកាប់បំផ្លាញធនធានធម្មជាតិ និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់ជាតិ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េ ហីរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ៩៧៨៨ ហិកតា កាលពីថ្ងៃទី ១១ មីនា ឆ្នាំ ២០២២ នៅក្នុងស្រុក បុរីអូរស្វាយ ស្រុកសេសាន និងស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ។ ភ្លាមៗក្រុមហ៊ុនកូរ៉េមួយនេះ ក៏បានផ្ទេរទៅឲ្យក្រុមហ៊ុនTSMW ដែលមានឈ្មោះ សូ សារ៉ាន ជាអ្នកគ្រប់គ្រងរយៈពេល៥០ឆ្នាំ ដើម្បីដាំដើមកៅស៊ូ និងដើមអាកាស្យា ។ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុនមិនបានដាំដំណាំអ្វីឡើយ ក្រៅតែពីការកាប់ឈើក្នុងក្រុមហ៊ុន និងក្នុងតំបន់ការពារ ដឹកយកទៅលក់ , ហើយដែលគេជឿថា មិនយូរអាច នឹងនាំឲ្យអន្តរាយដល់ធនធានធម្មជាតិក្រោមដីបន្ថែមទៀត ៕

Advertisement
Advertisement