Connect with us

Hi, what are you looking for?

ក្នុងស្រុក

វិចារណកថា :  នរណាជាអ្នកទទួលខុសត្រូវ ចំពោះវិនាសកម្មព្រៃឈើដែនអភិរក្សភ្នំណាមលៀរ ?

តាមការរកឃើញច្បោលៗដោយគណៈកម្មការចម្រុះថ្នាក់ខេត្ត មានផ្ទៃដីព្រៃរាប់ពាន់ហិតាក្នុងស្រុកពេជ្រាដាត្រូវបានកាប់បំផ្លាញក្នុងគោលដៅច្បាមយកធ្វើជាកម្មសិទ្ធិ។ ដោយឡែកសម្រាប់ដែនអភិរក្សភ្នំណាមលៀរ នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី មានទំហំ៨០១,១១ហិកតា មិនមែនជារឿងតូចតាច ដែលត្រូវបិទភ្នែក ហើយអូស.ក អាម៉ី អាថោងអ្នកស៊ីឈ្នួលពីរ,បីនាក់ញាត់គុកនោះទេ។ គេរំពឹងថា គណៈ កម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិមិនបណ្ដោយឲ្យបញ្ហាវិនាសកម្មនេះ ក្លាយទៅជារឿងលេងសើច ហើយអ្នកទទួលខុសត្រូវធំ នៅក្រៅសំណាញ់ច្បាប់ដោយងាយៗនោះឡើយ នៅគ្រាដែលគេដឹងថា ដីព្រៃតំបន់អភិរក្សនេះស្ថិតនៅក្រោមការទទួលខុសត្រូវគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីនោះ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក ឆៅ ប៊ុនធឿន ដែលទើបកាន់តំណែងបានរយៈពេលជាង១ឆ្នាំកន្លងទៅថ្មីៗនេះគឺជាអ្នកទទួលខុសត្រូវលំដាប់ទី១ អមដោយអនុប្រធានផ្សេងទៀតក្នុងនោះបើតាមប្រភព÷ មានទាំង អនុប្រធានមន្ទីរបរិស្ថាន២នាក់,ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពកណាមលៀរ , អតីតប្រធានស្ដីទីដែនជម្រកសត្វព្រៃស្រែពកណាមលៀរ..ក៏ដូចជាអនុប្រធានបច្ចុប្បន្ន នៃការិយាល័យដែនជម្រកសត្វព្រៃស្រែ ពកណាមលៀរនេះផងដែរ។ តើបណ្ដាអស់លោកដែលមានឈ្មោះទាំងនេះ អាចប្រឈមចំពោះសំណាញ់ច្បាប់ក្នុងកម្រិតណា ?

ទោះបីជាប្រភពមិនបញ្ជាក់ចំឈ្មោះយ៉ាងណាក៏ដោយ ប៉ុន្តែសាមីខ្លួនត្រូវគេអះអាងថា បានដឹងអំពីអ្វីដែលខ្លួនបានប្រព្រឹត្តនោះរួចទៅហើយ ។ យ៉ាងណាក៏ដោយ កំពុងមានការបាចទឹកដាក់គ្នា នៅក្នុងចំណោមអ្នកទទួលខុសត្រូវទាំងអស់នេះ រួមទាំងអតីតប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីនោះផង ។ បច្ចុប្បន្នតាមផ្លូវច្បាប់អ្នកដែលទទួលខុសត្រូវមុនគេ គឺលោក ឆៅ ប៊ុនធឿន ដែលចូលកាន់តំណែងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២៣ ។ ដូច្នេះវាគឺជាសត្យានុម័ត នៃអ្នកទទួលខុសត្រូវ ហើយបន្ទាប់មកទៀត គឺត្រូវស្រាវរកចំណងប្រភពដែលនាំឲ្យមានមហន្តរាយនេះ ពិសេសគឺប្រធានដែនអភិរក្សស្រែពកណាមលៀរដែលជាអ្នកគ្រប់គ្រងផ្ទាល់។

មន្ត្រីជាន់ខ្ពស់មួយរូប នៃគណៈកម្មាធិការជាតិបង្ក្រាប បទល្មើសធនធានធម្មជាតិបង្ហើបថា សមត្ថកិច្ចជំនាញកំពុងចាប់ផ្ដើមស្រាវជ្រាវ ដែលពេលនេះគេដឹងថា មិនមែនត្រឹមតែក្រុមមន្ត្រីបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនោះទេ ដែលជាប់ជំពាក់ចំពោះបទល្មើសដែលនៅនឹងច្រមុះ នៃដែនសមត្ថកិច្ចរបស់ខ្លួននោះ។ សូម្បីតែចៅហ្វាយស្រុកពេជ្រាដាគឺលោកធំ វណ្ណា ម៉ាប់ ក៏ជាប់ជំពាក់ក្នុងរឿងនេះដែរ ។ គេថា សូម្បីតែមេឃុំប៊ូស្រា ក៏ទំនងជាមិនអាចគេចផុត ពីចុងកន្ទុយខ្សែ នៃការសាវជ្រាវនោះដែរ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីចុងសប្តាហ៍កន្លងទៅបានបញ្ជាឲ្យមន្ត្រីជំនាញដែលទទួលបន្ទុកការងារការពារដីព្រៃនៅចំនុចភូមិ សាស្ត្រ​ស្រុកពេជ្រាដា ​ប្រើប្រាស់ដ្រូន (យន្តហោះគ្មានមនុស្សបើក) ឃ្លាំមើល និងកំណត់ទីតាំងដីព្រៃដែល រងការកាប់បំផ្លាញ ដើម្បីអាចទប់ស្កាត់សកម្មភាពរុករានពីជនខិលខូច។

សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចរកឃើញទីតាំងដីព្រៃរបស់រដ្ឋរាប់សិបកន្លែងក្នុងទំហំខ្ទង់ពាន់ហិកតា ត្រូវបានគេអារ​កាប់ផ្តួលយ៉ាងរណូករណែល ដុតហុយផ្សែងសំពោងមានចាស់មានថ្មី ដែលក្លាយទៅជាវិនាសកម្មព្រៃឈើដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់កម្ពុជានាដើមឆ្នាំ ២០២៤ នេះ ។ តែវាអាចទៅរួចទេសម្រាប់អ្នកគ្រប់គ្រងព្រៃឈើដែលមានពិការភាពខាងសម្បជញ្ញៈ  ? បើទោះច្នេះក្ដីគេជឿថា នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចុះមកត្រួតពិនិត្យដោយផ្ទាល់ នឹងស្រាវជ្រាវវែករកបណ្ដាញ ជនខិលខូចឱ្យខាងតែឃើញនាំពួកគេទៅកាត់ទោសតាមច្បាប់ ដោយមិនទុកឲ្យពលរដ្ឋខ្មែរ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខកចិត្តឡើយ៕

Advertisement
Advertisement