Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ ដាស់តឿនដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​កូវីដ​១៩

(ភ្នំពេញ) – ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០​នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើ​ការ​ក្រើន​រំលឹក ដល់​ម្ចាស់​ភោ
ជនីយដ្ឋាន និង​អាហារដ្ឋានទាំងអស់ ត្រូវ​តែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង នៃជំងឺកូវីដ១៩ ។ ការ​ក្រើន​រំលឹក​នេះ គឺ​ក្រោយ​ពីពិនិត្យ​ឃើញថា បន្ទាប់ពី​មាន​ការជាសះស្បើយ​ជំងឺកូវីដ​១៩អស់នៅ​កម្ពុជា គឺឃើញថា នៅ​តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​មួយ​ចំនួនខ្វះ​ការ​ប្រុងប្រយ័ត្ន ទាំងម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវដោយ​ពុំ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ។

យ៉ាងណាក៏​ដោយ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ធ្វើ​ការ​ណែនាំ​ចំនួន៣ចំណុច ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋានទាំងអស់ ដូចជា ៖ ១.ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន ទាំងអស់​នៅរាជធានីភ្នំពេញ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពីផែនការ​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ​១៩, ២.ត្រូវ​រៀបចំ​ឲ្យ​មាន​ទឹកអាល់កុល ឬជែល សម្រាប់​លាងដៃនៅ​មុខ​ច្រកទ្វារ​ចេញចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើ​ការ​វាស់កំដៅភ្ញៀវ​ទាំងអស់ មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ភោជនីយដ្ឋាន ឬអាហារដ្ឋាន, និង ៣.ត្រូវរក្សា​គម្លាតសង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏​បាន​បញ្ជាក់ដែរថា ក្នុងករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ណា​មិន​អនុវត្ត​តាម​ការ​ណែនាំនេះ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាននោះជា​បណ្តោះអាសន្ន៕

Advertisement
Advertisement