Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចសង្ឃនាយក នន្ទ ង៉ែត ប្រាប់ដល់មេគណទូទាំង​ប្រទេស សហការជាមួយ​សមត្ថកិច្ចចាប់ផ្សឹក ភិក្ខុ ឡុង​ ចន្ថា

ក្នុង​លិខិត​ប្រគេន​ដល់​ព្រះ​មេគណទាំង​២៥រាជធានីខេត្ត ដែលធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែឧសភា ម្សិលមិញ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបញ្ជាទៅ​ដល់គ្រប់វត្ត​នៅទូទាំង​ប្រទេស កុំបន្ត​ផ្តល់​កន្លែងស្នាក់ ដល់​ ភិក្ខុ ឡុង ចន្ថា ដែល​ល្បីល្បាញមានទំនាក់ទំនង​ជា​មួយ​មនុស្ស​ស្រី​តាម​រយៈ​បណ្តាញ​សង្គម ហើយ​ត្រូវ​សហការជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់វិធានការ​ឲ្យ​លាចាកសិក្ខាបទ​។

តាម​ការ​បញ្ជាក់​របស់​សម្តេច​សង្ឃនាយកថា ភិក្ខុ ឡុង ចន្ថា ពុំ​បាន​អនុវត្ត​នូវ​កិច្ច​សន្យា​របស់​ខ្លួន​ក្នុង​ការ​លាចាក​សិក្ខាបទ​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២០​ នោះ​ឡើយ ហើយ​ថែមទាំង​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​សាលា​គណខេត្តតាកែវ ក្នុង​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​ក្នុង​អតីតកាល​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។

លិខិត​បន្តថា គណៈសង្ឃនាយកចាត់ទុកថា ភិក្ខុ ឡុង ចន្ថា ជា​បុគ្គល​រឹងរុស មិន​លុះ​ក្នុង​ធម៌​វិន័យ និង​ការ​អប់រំ ជា​អ្នក​ប្រទូស្តសារ៉ាយ​សាសនា ជាអ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជាអ្នក​ទំលុះ​រដ្ឋបាល​សង្ឃ ពុំ​អាច​ឲ្យ​​ស្ថិត​នៅ​ក្នុង​ភេទ​ជា​បព្វជិត​ក្នុង​ពុទ្ធសាសនា​បន្ត​ទៀត​បាន​ឡើយ។

គួរ​បញ្ជាក់ថា កាលពី​ដើម​ខែឧសភានេះ ភិក្ខុ ឡុង ចន្ថា ដែល​គង់​នៅវត្ត​ភ្នំអង្គបូរី ត្រូវ​បានសាលា​គណខេត្ត​តាកែវ​កោះហៅ​ឲ្យ​ធ្វើ​ការ​បកស្រាយ​រឿង​រ៉ាវ​ឆាតសាសងជាមួយ​ស្រ្តីភេទ​តាម​បណ្តាញ​សង្គម ហើយ​ពេលនោះ ភិក្ខុ ឡុង ចន្ថា បាន​សរសេរ​កិច្ច​សន្យាថា នឹង​លាចាកសិក្ខាបទ​នៅថ្ងៃទី១៤ ខែឧសភា។ ប៉ុន្តែ​ដល់ថ្ងៃកំណត់ ភិក្ខុ ឡុង ចន្ថា បែរជាមិន​ព្រម​លាចាកសិក្ខាបទ ហើយថា ខ្លួន​នៅ​មិន​ទាន់អស់​និស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា៕

Advertisement
Advertisement