Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា ធ្វើកំណត់ទូត តវ៉ាទៅវៀតណាម ចំពោះការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា

(ភ្នំពេញ) – កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាមរួចហើយ ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា (តំបន់ស) គ្រោយ​ពី​ភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ក្នុងនោះបាន រុះរើ តង់ ចេញវិញ ចំនួន៣កន្លែង នៅសស់ ២៨កន្លែងទៀតមិនទាន់ រុះរើចេញនៅឡើយទេ ។ នេះបើតាម​ការ​លើក​ឡើងរបស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ថ្លែងប្រាប់បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នៅថ្ងៃព្រហស្បត្តិ៍នេះ។

សកម្មភាពទាហានវៀតណាមបោះតង់នៅតាមបន្ទាប់ព្រំដែន​កន្លងមក

លោក កុយ គួង បានបញ្ជាក់ថា កំណត់ទូតតវ៉ាទៅភាគីវៀតណាម គឺបានធ្វើ​កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ដោយ​ខ្លឹមសារនៃកំណត់ទូតនោះ បានបញ្ជាក់ថា វត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយព្រំដែន មិនទាន់បានឯកភាពគ្នា គឺបានរំលោភចំណុចទី៨ នៃ សេចក្ដីប្រកាស រួមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ ទី៥ ប្រការ៣ នៃសន្ធិសញ្ញា បំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ ការចរចា ដោយភាគីកម្ពុជា និងវៀតណាម ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ក្នុងកំណត់ទូតនោះផងដែរ នៅចំណុច២ គឺយើងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងអស់ និងដកកម្លាំងចេញពីតំបន់ខាងលើ គឺតំបន់ដែលមិនទាន់បានកំណត់ព្រំដែនច្បាស់លាស់ ហើយនិងបញ្ឈប់នូវ រាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រ នៅក្នុងតំបន់ទាំងអស់នោះ ឲ្យនៅដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កំណត់ច្បាស់លាស់នូវ ខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ទាំងនោះ» ។

បើតាម​លោក កុយ គួង ថា ពាក់ព័ន្ធនឹងការបោះតង់ របស់ភាគីវៀតណាម ក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននោះ កន្លងមកតាមរបាយការណ៍ គឺភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើកដែក/ ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម ។ លោកថា កន្លងមកនេះភាគី វៀតណាម បានរុះរើតង់ចេញវិញចំនួន៣កន្លែងប៉ុណ្ណោះ ហើយនៅសស់២៨កន្លែង ទៀត ដែលមិនទាន់ រុះរើចេញ៕

Advertisement
Advertisement