Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជារឹតបន្តឹងចំពោះអ្នកដំណើរដែលវិលត្រឡប់មក​ពីក្រៅប្រទេស

(ភ្នំពេញ) – រដ្ឋមន្រ្តីក្រសួងសុខាភិបាល​កម្ពុជាបាន​បញ្ជាក់ថា ដោយ​កន្លង​មក​រាល់អ្នកជំងឺកូវីដ​១៩​នៅ​កម្ពុជា គឺសុទ្ធសឹង​ជា​ករណីនាំចូល ដូច្នេះកម្ពុជា​នឹង​មិន​បន្ធូរដៃឡើយ ដោយ​នៅ​តែ​បន្តរឹត​បន្តឹង​វិធានការ​ការងារ​ និង​បន្ត​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​សកម្មភាព​បង្ការ​ជំងឺកូវីដ​១៩។

ក្នុងពេលចុះពិនិត្យ​ការងារ និង​សុខភាពអ្នក​ដំណើរ​ពីបណ្តា​ប្រទេស​ផ្សេងៗ​ត្រឡប់​មក​កម្ពុជា កាលពីអធ្រាត្រ ឈាន​ចូលថ្ងៃទី២៥ ខែឧសភា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​បាន​ថ្លែងថា អ្នកដំណើរទាំងអស់ដែលទើបមកពីបរទេស នឹងមិន​ទាន់​ឲ្យ​ត្រឡប់ទៅផ្ទះនោះទេ គឺត្រូវយករថយន្ដដឹកពួកគាត់ ទៅដាក់មណ្ឌលត្រួតពិនិត្យសុខភាព ស្ថិតនៅក្នុងទីតាំងទ័ពអាកាសកងយោធពលខេមរភូមិន្ទ និងមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកធ្វើតេស្ដរកកូវីដ១៩។

លោកបញ្ជាក់ថា រាល់អ្នកដំណើរទាំងអស់ត្រលប់មកកម្ពុជា គឺត្រូវតែធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងធ្វើតេស្តកូវីដ១៩ ដើម្បីចៀសផុតពីហានិភ័យខ្ពស់នៃការរីករាលដាលនៃជំងឺកូវីដ១៩ចូលមកកម្ពុជាយើង។ ទោះលទ្ធផល ចេញមកអវិជ្ជមានក៏ដោយ ក៏តម្រូវឲ្យ​អ្នកដំណើរនោះ បន្ដទៅធ្វើចត្ដាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន១៤ថ្ងៃទៀតបន្ថែមផងដែរ។

ជាមួយ​គ្នា​នេះ លោក ម៉ម ប៊ុនហេង ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបន្តការពារ និងប្រុងប្រយ័ត្នខ្ពស់ ទៅតាមការវិធានការការពារ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

Advertisement
Advertisement