Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋសាទរចំណាត់ការរបស់អាជ្ញាធរស្រុកព្រៃកប្បាសចាត់ការក្រុមគ្រឿងចក្រអនាធិបតេយ្យបំផ្លាញផលដំណាំពួកគាត់

(តាកែវ) – ក្រុមប្រជាពលរដ្ឋរស់នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បាន​សម្តែង​ការ​សាទរចំពោះចំណាត់ការរបស់អាជ្ញាធរស្រុកដែលបានដឹកនាំកម្លាំងចុះទៅឃាត់ក្រុមគ្រឿងចក្រ អនាធិបតេយ្យដែល​បាន​ធ្វើសកម្មភាពគ្មានច្បាប់កាយយកអាចម៏ដីលក់ បង្ករឲ្យ​ខូចផ្លូវហុយដី និងប៉ះពាល់ផលដំណាំរបស់ពួកគាត់រាប់រយហិចតា។

យោងតាមពលរដ្ឋរស់នៅតំបន់នោះបានឲ្យ​ដឹងថា រាប់ខែមកហើយដែលក្រុមគ្រឿងចក្រទាំងនេះធ្វើសកម្មភាពជីកកាយយកអាចម៏ដីលក់បង្ករផលប៉ះពាល់ដល់ការរស់នៅប្រកបរបរចិញ្ចឹមជីវិត ហើយក្រុមគ្រឿងចក្រទាំងនេះមិនបានខ្វល់ពីការស្នើសុំរបស់ពួកគាត់ទេដោយគេអះអាងថាគេបានបង់លុយឲ្យ​លោកមេឃុំ រួចហើយចង់តវ៉ាអីស្នើសុំអីទៅជួបមេឃុំទៅ។

ពលរដ្ឋបានលើកឡើងទៀតថា ក្រុមគ្រឿងចក្រខាងលើត្រូវបានគេស្គាល់ថាមានលោក ស សារ៉ាន់ ជាស្មៀនឃុំកំពង់រាបជាអ្នកនៅកាងពីក្រោយ ដូច្នេះក្រុមគ្រឿងចក្រមិនខ្វល់ពីពលរដ្ឋប្ដឹង ឬស្នើរសុំឲ្យ​ជួយសម្រួល និងបញ្ជៀស ពីផលប៉ះពាល់ដូចជាដីហុយ ផ្លូវខូច និងដំណាំពោតរាប់រយហិចតាត្រូវខូចខាតដោយសារតែក្រុមឡានដឹកដីទាំងនោះទេ។

ជុំវិញករណីខាងលើលោក ស សារ៉ាន់ ដែលរងការចោទថាជាមេក្លោងកាងក្រុមគ្រឿងចក្រទាំងនោះបានថ្លែងថាលោកមិនបានដឹងទេព្រោះមិនមែនជាតួនាទីរបស់លោក ហើយថា គ្រប់រឿងរ៉ាវនៃក្រុមគ្រឿងចក្រខាងលើគឺពាក់ពន្ធ័នឹងលោកមេឃុំទាំងអស់ ព្រោះលោកមេឃុំជាអ្នកចូលរួមដោះស្រាយអំពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ។

ចំណែកលោក សេង ម៉ៅ មេឃុំកំពង់រាបបានថ្លែងទទួលស្គាល់ថា ក្រុមគ្រឿងចក្រខាងលើគឺពិតជាបានធ្វើសកម្មភាពជីកាយគ្មានច្បាប់ទម្លាប់មែន តែលោកធ្លាប់បានហៅម្ចាស់គ្រឿងចក្រទាំងនោះមកធ្វើកិច្ចសន្យាដែរ តែក្រុមគ្រឿងចក្រនៅតែបន្តដដែល ហើយលោកក៏មិនមានសិទ្ធអីហាមឃាត់បន្តលើសពីនឹងនោះទេ ចំណែកម្ចាស់គ្រឿងចក្រលោកបានឲ្យ​មេភូមិយកលុយដើម្បីទុកជួសជុលផ្លូវឡើងវិញនៅពេលឈប់ធ្វើអាជីវកម្ម តែរហូតមកដល់ពេលនេះមិនដឹងថា លុយទាំងនោះនៅទីណាទេ។

លោកមេឃុំបានបញ្ជាក់ទៀតថា ចំពោះចំណាត់ការរបស់លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសដឹកនាំកម្លាំងចុះឃាត់ក្រុមគ្រឿងចក្រខាងលើ លោកក៏សាទរដែរ តែមាន២ចំណុចដែលត្រូវគិត គឺចំនុចទី១លោកមិនឈឺក្បាលទៀតទេបើគ្មានគ្រឿងចក្រកាយដីបន្តទៀតព្រោះមិនមានពលរសដ្ឋប្ដឹង ទី២បើពលរដ្ឋត្រូវការអាចម៏ដីចាក់បំពេញសាងសង់លំនៅឋាន តើគួរធ្វើដូចម្ដេច?

ពាក់ពន្ធ័ករណីខាងលើលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានថា កាលពីថ្ងៃទី២៦ ខែឧសភា លោកបានដឹកនាំកំលាំងចុះទៅពិនិត្យជាក់ស្ដែងតាមសេចក្ដីរាយការរបស់ពលរដ្ឋ នៅពេលកំលាំងលោកចុះទៅដល់ទីតាំងខាងលើគឺពិតជាមានភាពអនាធិបតេយ្យនៃក្រុមគ្រឿងចក្រពិតមែន ហើយបើនិយាយពីផលប៉ះពាល់ដល់ពលរដ្ឋគឺពិតជាធ្ងន់ធ្ងរដូចពួកគាត់បានលើកឡើង ដោយ​ដំណាំពោតរងការខូចខាតផ្លូវខូចខ្ទេចខ្ទី ដីហុយរកតែដកដង្ហើមមិនកើត ។

លោកអភិបាលបានបន្តទៀតថា កម្លាំងរបស់លោកបានឃាត់ក្រុមគ្រឿងចក្រទាំងនោះដើម្បីសិក្សាអំពីផលប៉ះពាល់ថា តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យ​មានផលចំណេញទាំងពលរដ្ឋ ទាំងក្រុមគ្រឿងចក្រ និងសុំឲ្យ​មានមន្រ្តីជំនាញចុះសិក្សាបន្ថែម និងជាពិសេសពាក់ព័ន្ធនឹង​ឯកសារផ្លូវច្បាប់ធ្វើអាជីវកម្ម៕

Advertisement
Advertisement