Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួន​ប្រធាន​ការិយាល័យ​គ្រឿងញៀន​ប៉េ​អឹម​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

(ភ្នំពេញ) – ប្រធាន​ការិយាល័យ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ជាមួយ​បក្ខ​ពួក​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន។

ការ​ចាប់ខ្លួន​បាន​ធ្វើឡើង​នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយពេល​នោះ​សមត្ថកិច្ច​ក៏បាន​ដកហូត​បាន​គ្រឿងញៀន​ជាង២គីឡូក្រាម​ផង​ដែរ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់​ថា ទី១៖ ឈ្មោះ ឈុន សុមេធា តួនាទី​ជា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី និង​ទី២៖ ឈ្មោះ កេន ចាន់​រី ភេទ​ស្រី ភូមិ​គោកដូង ឃុំ​ពេជ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ។

ក្រោយ​ឃាត់ខ្លួន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ពន្លា​តដែនដី ដោយ​សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការសម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ បន្ដ​ទៅ​ឆែ​រឆេរ​ទីតាំង​ពីរ​កន្លែង​ទៀត ដោយ​មួយ​ទីតាំងនៅ​ផ្ទះ​ជួល​របស់​ជនសង្ស័យ​រក​ឃើញ​ផ្លាក​លេខ​ម៉ូតូ​ចំនួន៣ និង​ទីតាំង​ទីពីរ​នៅផ្ទះ​របស់​សង្ស័យ​ផ្ទាល់​តែម្ដង ក្នុង​ស្រុក​អង្គរ​បូរី រក​ឃើញ​អាវុធ​ខ្លី​អត់ច្បាប់ ២ដើម កញ្ឆា​មួយចំនួន និង​ប្រដាក់​ថ្លឹង​គ្រឿងញៀន​មួយចំនួន​ផង​ដែរ។

បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សួរនាំ ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

Advertisement
Advertisement