Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជា​-ចិន សម្រេច​ចុះ​ពិធីសារ​លើ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​

នៅ​ព្រឹក​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា និង​ចិន បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ​ពិធីសារ​ផ្លូវការ ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់ ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់ និង​ពេលណា​ក៏បាន។

ការ​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​អធិបតី លោក វេង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Wang Wentian ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និង​ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខានាំចេញផ្លែស្វាយដោយផ្ទាល់ទៅកាន់ប្រទេសចិន (រូប៖ FN)

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បញ្ជាក់​ថា បន្ទាប់​ចុះហត្ថលេខា​លើ​ពិធីសារ​នាំ​ផ្លែស្វាយ​កម្ពុជា ទៅកាន់​ប្រទេស​ចិន​នេះ កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ មានគុណ​ភាព​ខ្ពស់ ៥០ម៉ឺន​តោន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ជា​រៀងរាល់​ឆ្នាំ។

លោក វេង សា​ខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​ឲ្យដឹង​ថា ផលិតកម្ម​ផ្លែស្វាយ​ស្រស់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មានការ​កើនឡើង​ជាលំដាប់ ដែល​បង្ហាញ​ពី​សក្កា​នុ​ពល​នូវ​ភាព​ចាំបាច់​ត្រូវ​ដោះស្រាយ​រក​ទីផ្សារ​ដើម្បី​នាំចេញ។ ហើយ​បើ​តាម​ស្ថិតិ​ចុងក្រោយ​នា​ឆ្នាំ២០១៩ បាន​បង្ហាញថា ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយ​មាន​ចំនួន ១២៤,៣១៩ហិ​កតា ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​មាន​ចំនួន៩១,៣៩៨ហិ​កតា និង​ទិន្នផល​ជាមធ្យម​ទទួល​បាន១៥.៨៥តោន​ក្នុង​មួយ​ហិ​កតា​ក្នុង​រដូវ ដែល​ជាមធ្យម កម្ពុជា​អាច​មាន​ផលិតផល​ស្វាយ​ស្រស់​ប្រមាណ១,៤៤៨,៦៧៧តោន ក្នុង​មួយ​រដូវ។

ស្វាយកែវល្មៀត គឺជាប្រភេទស្វាយដែលប្រជាពលរដ្ឋកម្ពុជាដាំច្រើនជាងគេ

គួរ​បញ្ជាក់​ថា ក្រៅពី​ផ្លែស្វាយ កម្ពុជា​ក៏​កំពុង​ចរចា​ជាមួយ​ចិន ក្នុង​ការនាំចេញ តាងែ​ន ឬមៀន​ប៉ែ​លិន​, ស្រ​ការ​នាគ និង​ទឹកមាត់​ត្រចៀកកាំ ទៅកាន់​ប្រទេស​ចិន ដោយ​ផ្ទាល់​ផង​ដែរ ខណៈ​បច្ចុប្បន្ន​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ចំនួន៥មុខ​ហើយ ត្រូវ​បាន​ភាគី​ចិន​អនុញ្ញាត​ឲ្យ​នាំចេញ​ដោយ​ផ្ទាល់ ដូចជា អង្ករ ចំណិត​ដំឡូងមី​ក្រៀម ស្វាយចន្ទី និង​ចេក​ជាដើម​៕

Advertisement
Advertisement