Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោអបអរក្រសួងកសិកម្ម ក្នុងការបើកទីផ្សារ​ស្វាយស្រស់កម្ពុជាទៅ​កាន់ប្រទេស​ចិន

(ភ្នំពេញ) – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាចថ្ងៃទី៩ មិថុនា នេះ បាន​បង្ហោះ​សារ​ដោយអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

ជាមួយ​គ្នា​សម្តេចតេជោ​ក៏​បាន​អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ ដោយថា នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ «បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១,២៨៦ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន»។

តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននេះ សម្តេច​រំពឹងថា នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។

ក្នុងនោះដែរ សម្តេចតេជោ​ក៏​បាន​ស្នើ​សុំ​ដល់បងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឲ្យ​មានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យ​បានត្រឹមត្រូវដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន ហើយអ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឲ្យ​បានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕

Advertisement
Advertisement