Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ.ជ.ប នឹង​បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​កន្លងមក​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ.ជ.ប បាន​ឲ្យដឹង​ថា ខ្លួន​នឹង​ធ្វើការ​បំផ្លាញ​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​នា ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និង​ឆ្នាំ២០១៧។

ការបំផ្លាញ​នោះ គឺ​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាទី​តាំង​ផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក ដោយមាន​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិកព្រឹទ្ធសភា​ឆ្នាំ២០១២​, សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣​, សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឆ្នាំ២០១៤​, និង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០១៧។

គ.ជ.ប បាន​បញ្ជាក់​ថា គ.ជ.ប មានសមត្ថកិច្ច សិទ្ធិ​អំណាច និង​មាន​ភារកិច្ច​រៀបចំ​គណៈកម្មការ​ដើម្បី​បំផ្លាញ​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តាម​អាណត្តិ​នី​មួយ​ៗ បន្ទាប់ពី​បាន​រក្សាទុក​ប្រកបដោយ​សុវត្ថិភាព​នូវ​សន្លឹកឆ្នោត​ទាំងនោះ​រយៈពេល៦ឆ្នាំ និង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តាម​អាណត្តិ​នី​មួយ​ៗ បន្ទាប់ពី​បាន​រក្សាទុក​ប្រកបដោយ​សុវត្ថិភាព​នូវ​សន្លឹកឆ្នោត​ទាំងនោះ​រយៈពេល៣ឆ្នាំ ចាប់ពី​ថ្ងៃ​បោះឆ្នោត​តាម​អាណត្តិ​នី​មួយ​ៗ។

បើ​តាម​ការ​បញ្ជាក់​ពី​គ.ជ.ប នេះ​គឺជា​លើក​ទី៤ហើយ បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ដោយ​គិត​ចាប់ពី​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដោយខ្លួន​ឯក​នៅ​ឆ្នាំ១៩៩៨ រហូតដល់​បច្ចុប្បន្ន​៕

Advertisement
Advertisement