Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មាន់​ខ្មៅ​ខេត្តតាកែវ​កំពុង​មាន​តម្រូវការ​ទីផ្សារ ជួយ​ឲ្យ​កសិករ​មាន​ចំណូល​ខ្ពស់​

តាកែវ៖ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តតាកែវ បាន​ឲ្យដឹង​ថា បច្ចុប្បន្ន​នេះ ខេត្តតាកែវ​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​ចំនួន៥កន្លែង ក្រោម​ការ​ផ្តល់​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត​លើ​កម្មវិធី​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ។

លោក​ថា ក្រោយពេល​ទទួល​បាន​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម បាន​ធ្វើឲ្យ​មាន់​ខ្មៅ​នេះ ទទួល​បាន​លទ្ធផល​ល្អ ដោយ​ក្នុង​មួយ​ក្បាល​ទម្ងន់​ប្រមាណ២គីឡូក្រាម ហើយ​កសិករ​អាច​លក់​បាន​ជាង១០ម៉ឺន​រៀល បើ​ប្រៀបធៀប​ទៅ​នឹង​មាន់​ខ្មែរ ឬមាន់​ផ្សេង​ៗទៀត​គឺ​មាន់​ខ្មៅ​មានតម្លៃ​ខ្ពស់​ហើយ​មាន​ទីផ្សារ​ល្អ ។ ដោយឡែក​សម្រាប់​មាន់​ខ្មៅ​ពូជ​វិញ គឺ​មួយ​ក្បាល​តម្លៃ​ចាប់ពី១២ម៉ឺន​រៀល​ឡើង​ទៅ ។

លោក ស៊ី សម្ភស្ស កសិករ​ចិញ្ចឹម​មាន់​ខ្មៅ​នៅ​ខេត្តតាកែវ បាន​ឲ្យដឹង​ថា គាត់​បាន​ផ្លាស់​ប្តូរ​ពី​ការ​ចិញ្ចឹម​មាន់​ខ្មែរ​ធម្មតា​មក​ជា​ការ​ចិញ្ចឹម​មាន់​ខ្មៅ​វិញ ដោយសារ​មាន​លក្ខណៈ​ងាយស្រួល​ចិញ្ចឹម​ដូច​មាន់​ស្រែ​ធម្មតា ជាពិសេស​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង ។ «ពីមុន​ខ្ញុំ​ដាក់​មាន់​ខ្មែរ​ខ្ញុំ​ធ្វើ​រោង​ធំ​ដែល ប៉ុន្តែ​ដល់ពេល​យើង​ចិញ្ចឹម​មាន់​ខ្មែរ​គឺ​ចិញ្ចឹម​រាង​យូរ​ដូច​មាន់​ខ្មៅ​ដែល ដោយសារ​ភ្ញៀវ​សាញ​រឿង​ដុះ​រោម​មិនទាន់​ជិត ដល់​ពេល​ចឹង​ទៅ​យើង​ក៏​ដូរ​មក​ចិញ្ចឹម​មាន់​ខ្មៅ​វិញ វា​ស្រួល​ចិញ្ចឹម​យើង​ដុះ​រោម​លឿន​ជាង ។ សំរាប់​តម្លៃ​គឺ​ថ្លៃជាង។ ៥ទៅ៦ខែ​គឺ​ពេញ​វ័ញ​ហើយ »។

សូម​បញ្ជាក់​ថា មាន់​ខ្មៅ​អាចយ​កទៅ​កែច្នៃ​ជា​ម្ហូប​បាន​យ៉ាងច្រើន​ប្រភេទ ដូចជា មាន់​ស្ងោ មាន់​ចៀន សាច់ក្រក ប្រហិត សាច់​ផាត់ ហើយ​ការ​បរិភោគ​គឺ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ រាងកាយ​មាំមួន​៕

ប្រភព៖ ក្រសួងព័ត៌មាន​

Advertisement
Advertisement