Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន​បង្ហាញពីការវិនិយោគ​កែច្នៃសំរាម​ទៅជា​ឋាមពលអគ្គិសនីនៅខេត្តសៀមរាប

​ក្រុមហ៊ុន MIZUDA ជា​ក្រុមហ៊ុន​វិនិយោគ​កែច្នៃ សំរាម​ទៅជា​ឋា​ម​ពល​អគ្គីសនី​របស់ប្រទេសចិន កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ បានបង្ហាញរបាយការណ៍​របស់ខ្លួន ស្តីពី​គម្រោង​សាងសង់​រោងចក្រ​ដុត​សំរាម ដើម្បី​ផលិត​ទៅជា​ឋា​ម​ពល អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅ​ខេត្តសៀមរាប​។​

​នៅក្នុង​របាយការណ៍​នេះ​បាន​បង្ហាញថា សំរាម​នៅក្នុង​ក្រុង​សៀមរាប​បច្ចុប្បន្ន នេះ​មាន​ប្រមាណ​ជាង​៤៨០​តោន ក្នុង​១​ថ្ងៃ ហើយ​នៅ​ឆ្នាំ​២០២២ អាច​នឹង​កើន​ដល់​៦០០​តោន ក្នុង​១​ថ្ងៃ បើ​គិត​រហូតដល់​ឆ្នាំ​២០៣៥ ការប៉ាន់ប្រមាណ​ដែល​ផ្អែកទៅលើ​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​ភ្ញៀវទេសចរ​ផង​នោះ ក្នុង​១​ថ្ងៃ សំរាម​ក្នុង​ក្រុង​សៀមរាប អាចមាន​ដល់ ជាង​១០០០​តោន​។ របាយការណ៍​នេះ ក្រុមហ៊ុន​បាន​សិក្សា​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ និង​បានបញ្ចប់​កាលពីមុន​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងទៅ​។​

​បើតាម​ការបង្ហាញ របស់​ក្រុមហ៊ុន MIZUDA របស់​ចិន ក្នុង​១​ឆ្នាំ រោងចក្រ​នេះ មាន​តម្រូវការ​សំរាម​ប្រមាណ​ជា​២១​ម៉ឺន​តោន និង​អាច​បំ​លែង ជា​ឋា​ម​ពល​អគ្គិសនី ផ្គត់ផ្គង់ បាន​ប្រមាណ​ជា​៧៥​ម៉ឺន​គីឡូវ៉ាត់ម៉ោង ក្នុង​កម្លាំង អានុភាព​១២​មេកា​វ៉ា​ត់ គឺ​ស្មើនឹង ប្រហែល​១០​ភាគរយ នៃ​តម្រូវការ​ផ្គត់ផ្គង់​ក្នុង ក្រុង​សៀមរាប បច្ចុប្បន្ន​។ នៅក្នុង​បទ​បង្ហាញ​នេះ ក៏មាន​ការទទួលស្គាល់​អំពី​បច្ចេកទេស និង​ការផ្តល់ អត្ថប្រយោជន៍​នៃ​ប្រតិបត្តិការ របស់​រោងចក្រ​ដុត​សំរាម​មួយ​នេះ ដែល​វា​មាន​គុណភាព មិន​បន្សល់​ផលប៉ះពាល់​បរិស្ថាន ក្រោយ​ការផលិត​ឋា​ម​ពល​អគ្គិសនី​នោះ​។​

យ៉ាងណាក៏ដោយ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានបង្ហាញ​នូវ​ជំហរ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ បើទោះជា​សមត្ថភាព នៃ​ការផលិត​ឋា​ម​ពល​អគ្គីសនី​បានត្រឹមតែ​១០​ភាគរយ​នៃ​តម្រូវការ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព ក្នុង​កិច្ចការពារបរិស្ថាន​។

ចំពោះ​បញ្ហា​ប្រមូល​សំរាម ការកំណត់​តម្លៃ​លក់​ឋា​ម​ពល ការកំណត់​ទីតាំង​សាងសង់​រោងចក្រ នឹងត្រូវ​សិក្សា​ស៊ីជម្រៅ​បន្ថែមទៀត សម្រាប់​ការ បង្ហាញ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ ស្តីពី​វឌ្ឍនភាព​នៃ​គំរោង​នេះ ដើម្បី​ជំរុញ​ល្បឿន នៃ​កិច្ចដំណើរការ តាមតែ​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕

Advertisement
Advertisement