Connect with us

Hi, what are you looking for?

Uncategorized

សមត្ថកិច្ច​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សារ​ឈ្នះ​រង្វាន់ដែល​ផ្ញើ​មក​កាន់ទូរស័ព្ទដៃ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​ឲ្យដឹងថា ខ្លួន​បានទទួលសារជាច្រើនពីប្រជាពលរដ្ឋ ទាក់ទងនឹងសារឈ្នះរង្វាន់ទូរសព្ទដែលពួកគេទទួលបាន។ សារបោកប្រាស់នោះ ត្រូវបានផ្ញើទៅកាន់ទូរសព្ទរបស់អ្នកប្រើប្រាស់ ដោយភ្ជាប់មកជាមួយនឹងតំណភ្ជាប់ ព្រមទាំងពាក្យបោកបញ្ឆោតថា “ឈ្នះរង្វាន់ទូរសព្ទមួយគ្រឿងដោយគ្រាន់តែ ចុចចូលទៅក្នុងតំណភ្ជាប់” របស់វេបសាយដោយប្រើស្លាកសញ្ញា (logo) របស់ក្រុមហ៊ុនពិតៗ ដែលបានបង្កើតឡើងដោយក្រុមបណ្តាញឧក្រិដ្ឋជន។

តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថា នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។

ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។ លេខទូរសព្ទដែលតម្រូវឱ្យតេទៅនោះ គឺមានក្បាលលេខ (+216) មកពីប្រទេសទុយនីស៊ី។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏​បាន​ណែនាំប្រជាពលរដ្ឋទាំងអស់កុំជឿលើការបោកបញ្ឆោតដោយ ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ…។ល។ ហេតុដូច្នេះហើយសូមកុំចុចលើតំណភ្ជាប់ដែលបានផ្ញើចូលក្នុងទូរសព្ទ ដែលលោកអ្នកមិនបានស្នើសុំ ព្រោះតំណទាំងនោះអាចភ្ជាប់មកជាមួយវេបសាយដែលមានផ្ទុក Adware។ Adware គឺជាមេរោគដែលអាចផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ព្រមទាំងអាចលួចយកលេខសម្ងាត់បានថែមទៀតផង៕

Advertisement
Advertisement