Connect with us

Hi, what are you looking for?

ក្នុងស្រុក

សត្វក្តាន់ ដែលគេគិតថា បានផុតពូជពីកម្ពុជាតាំងពីឆ្នាំ២០០៦ ឥឡូវ​ត្រូវ​រកឃើញ​នៅដែនជម្រកសត្វព្រៃព្រែកប្រសព្វ

(ក្រចេះ)៖ អង្គការ WWF នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ​ បានប្រកាស​ថា ខ្លួន​បាន​រក​ឃើញ​សត្វ​ក្តាន់​មួយ​ប្រភេទ ដែល​គេ​គិតថា បាន​ផុត​ពូជពី​កម្ពុជា​តាំង​ពីឆ្នាំ​២០០៦ នៅ​ដែន​ជម្រក​សត្វព្រៃព្រែក​ប្រសព្វ​ក្នុង​ខេត្ត​ក្រចេះ តាមរយៈ​ម៉ាស៊ីនថត​ស្វ័យ​ប្រវត្តិ។

WWF បាន​បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការគាំទ្របច្ចេកទេសពី BINCO ក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់ មកពីមន្ទីរបរិស្ថាន ខេត្តក្រចេះ ខណ្ឌរដ្ឋបាល ព្រៃឈើ អង្គការ WWF និង សមាជិកក្រុមល្បាតសហគមន៍ បានទៅត្រួតពិនិត្យម៉ាស៊ីន ថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង បានបញ្ជាក់ពីភាពនៅរស់រានមានជីវិតរបស់សត្វក្តាន់នៅកម្ពុជាយើងនៅឡើយ ។

សត្វក្តាន់ ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN ហើយត្រូវបានគេសន្មត់ថា បានផុតពូជពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញ ឡើងវិញនៅក្នុងខេត្តក្រចេះ។

កត្តាគម្រាមកំហែងចម្បងៗទៅលើការរស់រាន របស់សត្វក្តាន់រួមមាន ការបរបាញ់ដើម្បីយកសាច់ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម៕

Advertisement
Advertisement