Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទីបំផុត​អភិបាល​ស្រុកអង្គរបូរីហៅ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមទានៅ​កណ្តាលភូមិ​រំលក​ ឲ្យ​មក​ធ្វើ​កិច្ច​សន្យា ក្រោយ​មាន​បណ្តឹង​ពី​ពលរដ្ឋ​រឿង​បំពុលបរិស្ថាន

អាជ្ញាធរចុះពិនិត្យ​កសិដ្ឋានចិញ្ចឹមទា

តាកែវ – ទីបំផុត​ទៅ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២០ លោក ឌឹម គឹមសាន អភិបាល​ស្រុកអង្គរបូរី រួម​ជាមួយ​មន្រ្តីពាក់ព័ន្ធ បាន​ចុះ​ទៅ​កាន់​ភូមិ​រំលក ឃុំ​បាស្រែ, ទីដែល​មាន​បណ្តឹង​ពីប្រជាពលរដ្ឋ​ថា មានកសិដ្ឋាន​ចិញ្ចឹម​ទាមួយ​ បាន​មក​បោះទីតាំង​នៅ​កណ្តាលភូមិ បង្ករ​ឲ្យ​មាន​ក្លិនឈួល ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់ប្រជាពលរដ្ឋ​។

អាជ្ញាធរចុះពិនិត្យ​កសិដ្ឋានចិញ្ចឹមទា

ក្នុង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​​នោះ លោកអភិបាលស្រុកអង្គរបូរី រួមជាមួយ​មន្រ្តីបរិស្ថាន បានបដិសេធ​មិន​ឲ្យ​មាន​ការ​ចិញ្ចឹមទានៅ​ក្នុងភូមិ​យ៉ាងដូចនេះទេ ហើយ​ក៏​បានអញ្ជើញម្ចាស់កសិដ្ឋាន ដែលមាន​ប្តីឈ្មោះ ប៉ុល សំអាត និងប្រពន្ធឈ្មោះ សឹក គឹមឡេង ទៅសាលាស្រុកអង្គរបូរី ដើម្បី​បំពេញបែបបទ និងធ្វើកិច្ចសន្យាចំពោះផលប៉ះពាល់ពលរដ្ឋ និងបរិស្ថាន។

គួរ​រំលឹកថា កសិដ្ឋានចិញ្ចឹមទាដែលឈ្មួញ​រៀបចំ​ធ្វើ​នៅ​កណ្តាល​ភូមិ​រំលកនេះ ត្រូវ​បានជំទាស់តវ៉ាពី​ប្រជាពលរដ្ឋតាំងតែពីខែតុលាមក​ម្ល៉េះ កំឡុងពេលឈ្មួញ​ទាំងពីរនាក់ប្តីប្រពន្ធនេះ​កំពុង​រៀបចំធ្វើ​កសិដ្ឋានដំបូង ដែល​ពេលនោះ​គេ​ឃើញ​មាន​ទាំង​មន្រ្តីបរិស្ថាន ក៏​ដូចជាអាជ្ញាធរឃុំបាន​ចុះ​ទៅ​ហាមឃាត់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានទីតាំង​ចិញ្ចឹមទា​នៅ​កណ្តាលភូមិនោះឡើយ។

កសិដ្ឋានចិញ្ចឹមទាដែលប៉ះពាល់បរិស្ថាន

តែក្រោយ​មក​ ពោល​គឺ​កាលពីពេលថ្មីៗនេះ ស្រាប់តែឈ្មួញពីរនាក់ប្តីប្រពន្ធនោះ ដឹកសត្វទាចំនួន ២ពាន់​ក្បាល យក​មក​ដាក់​នៅ​កសិដ្ឋានរបស់ខ្លួនយ៉ាងរំភើយ ដោយធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​រំលក មាន​ការ​ងឿងឆ្ងល់យ៉ាងខ្លាំងថា តើឈ្មួញនេះ កំពុង​ផ្គើនអាជ្ញាធរ ឬក៏​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ ទើប​បានជាហ៊ាន​ដឹកសត្វទាដល់ទៅ២ពាន់​ក្បាល មក​ដាក់​ចិញ្ចឹម​នៅ​កណ្តាលភូមិ ដោយ​មិន​ខ្វល់ពីការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​យ៉ាង​ដូច្នេះ?

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រំពឹងថា អាជ្ញាធរ​នឹង​ដោះស្រាយបញ្ហានេះដោយ​តម្លាភាព និង​គិតគូរ​ដល់​ការ​រស់​នៅ​របស់បងប្អូន​ប្រជាពលរដ្ឋ ជាជាងផល​ប្រយោជន៍​របស់បុគ្គល៕

Advertisement
Advertisement