Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការរុះរើ ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយនៅតាមដងទន្លេ នឹង​ធ្វើ​នៅ​ចុងសប្តាហ៍នេះ

(ភ្នំពេញ) – នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅ​តាម​ដងទន្លេ​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ក្រោយ​ពីការ​ជូនដំណឹង​កាលពីថ្ងៃទី២ ខែមិថុនា។

បើតាមប្រភពព័ត៌មានពីអាជ្ញាធររាជធានីភ្នំពេញថា មានខណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ ដែលមានភូមិសាស្ត្រជាប់ទន្លេរួមមាន ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌចំការមន ,ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។ ប៉ុន្តែខណ្ឌដែលមានសំណង់មិនរៀបរយ និងការប្រកបមុខរបរ រស់នៅលើផ្ទៃទឹក មានភាពស្មុគស្មាញខ្លាំងគឺនៅក្នុងខណ្ឌចំនួន០៤រួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ។

ក្នុងអំឡុងពេលអាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខណ្ឌជាប់ទន្លេ ចុះផ្សព្វផ្សាយអប់រំឱ្យរុះរើដោយស្ម័គ្រចិត្ត គឺរហូតដល់ពេលនេះ មានអ្នកមួយចំនួនតូចប៉ុណ្ណោះបានរុះរើ និងចល័តទៅតំបន់ផ្សេង ។ ទន្ទឹមនោះក៏មានការតវ៉ា និងសំណូមពរឲ្យមានការពន្យារពេលការរុះរើ ដោយលើកឡើងពីហេតុផលផ្សេងៗដែលជាភាពលំបាក និងបញ្ហាប្រឈមការខាតបង់ប៉ះពាល់ជីវភាពនៅពេលដែលការអនុវត្តតម្រូវឱ្យរុះរើរយៈពេល៧ថ្ងៃ មានភាពបន្ទាន់ពេក ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យ​រុះរើ រឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឲ្យ​អស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ ។

រដ្ឋបាលរាជធានីភ្នំពេញបាន​បញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអាណាធិបតេយ្យនេះបានបង្កឲ្យ​រងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ដូចជាការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យ​ខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ៕

Advertisement
Advertisement