Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីអធិការ​រងនគរបាលស្រុកអង្គរបូរី ​​​រំដោះ​មនុស្ស​ចេញពីមណ្ឌលចត្តាឡីស័ក ប្រធាន​មន្ទីរពេទ្យ​បង្អែកថា អធិការរងរូបនោះបានស្នើ​សុំ តែលោក​មិន​ហ៊ានអនុញ្ញាតទេ

(តាកែវ) – ករណីលោក ប៉ែន រដ្ឋា អធិការរងនគរបាលស្រុកអង្គរបូរីលួច​រំដោះ​មនុស្ស​ចេញ​ពីមណ្ឌលចត្តាឡីស័កឲ្យ​ត្រឡប់ទៅផ្ទះវិញនោះ មក​ទល់ពេលនេះ អធិការរងរូបនោះ​ពុំ​ទាន់​មាន​លិខិត​ស្នាមអ្វីដើម្បី​ដោះ​បន្ទុក​ការ​ចោទ​ប្រកាន់​នេះទេ ខណៈ​ដែល​ប្រធាន​មន្ទីរពេទ្យ​បង្អែកស្រុកអង្គរបូរី​បានថ្លែងថា លោកពុំដែលបាន​អនុញ្ញាត​ឲ្យ​មាន​ការ​យក​មនុស្ស​ចេញពីមណ្ឌលចត្តាឡីស័កនោះឡើយ។

លោក សេង គឹម ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកអង្គរបូរី បានថ្លែង​ប្រាប់ អេអិនអិន ថា នៅថ្ងៃនោះ លោក ប៉ែន រដ្ឋា បាន​ស្នើ​មក​លោកដើម្បីយកមនុស្ស​ចេញពីមណ្ឌលចត្តាឡីស័ក តែលោក​ហ៊ាន​អនុញ្ញាត​ឡើយ ដោយ​បានប្រាប់លោក ប៉ែន រដ្ឋា ឲ្យ​ទៅ​សុំ​លោក​អភិបាលស្រុកវិញ។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី ​បានថ្លែងថា លោកដឹងរឿងនេះខ្លះៗដែរ តាមរយៈលោក រស់ រត្ន័អភិបាលរងស្រុករាយការណ៍ជូនលោក ដោយអធិការរងរូបនោះ​បាន​សុំយកមនុស្សចេញពីមណ្ឌលតែលោកមិនបានអនុញ្ញាតិឲ្យ​យកចេញទេ តែលោកអធិការរងរូបនោះបានយកមនុស្ស​ចេញផុតទៅហើយ។

យ៉ាងណាក៏ដោយ ចំពោះ​ករណី​លោក​អធិការ​រងស្រុកអង្គរបូរី ដែលប្រើអំណាច​តាមចិត្ត យក​មនុស្ស​ចេញពីមណ្ឌល​ចត្តាឡីស័ក ដែល​ជា​ហានិភ័យ​ក្នុង​ការ​ចម្លង​ជំងឺកូវីដ១៩​ទៅ​ក្នុង​សហគមន៍​នោះ គេ​រំពឹងថា លោកស្នងការនគរបាល​ខេត្ត​តាកែវ នឹងធ្វើ​ការ​ស៊ើបអង្កេត​រឿង​នេះ ព្រមទាំង​ចាត់ការ​បុគ្គល​ដែលធ្វើ​ខុស​តាម​ច្បាប់។

បើ​យោង​តាម​មាត្រា ២៣ នៃអនុក្រឹត្យ ស្តីពីការ​ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ​១៩ «អ្នក​ផ្តើម​គំនិត ដឹកនាំ ណែនាំ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា ដល់បុគ្គល​ដែលត្រូវ​ធ្វើចត្តាឡីស័ក​ឲ្យ​គេច​ចេញ​ពីការ​ត្រួតពិនិត្យ​របស់មន្រ្តីចត្តាឡីស័ក ឬ​គេច​វេស​ពីការ​ធ្វើចត្តាឡីស័ក ឬ​គេច​ចេញ​ពីទីកន្លែង​ធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោស​ជាពិន័យ​អន្តរការណ៍ពី ១០លានរៀល ទៅ ៥០លានរៀល»៕

Advertisement
Advertisement