Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិន ចិញ្ចឹមតោ​នៅ​ក្នុងផ្ទះ អាជ្ញាធរ​ចុះទៅដកហូត

សត្វ​តោ​ឈ្មោល​ទម្ងន់​ជាង ៧០​គីឡូក្រាម​ត្រូវ​បានអាជ្ញាធរ​ចុះ​ទៅ​​ដកហូត​ពី​ម្ចាស់​ជនជាតិ​ចិន ដែល​កំពុង​លួច​ចិញ្ចឹម​ក្នុង​ផ្ទះ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ផ្ទះ​វីឡាមួយ​កន្លែង ស្ថិត​នៅតាមបណ្តោយផ្លូវ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង។

​ក្នុង​កិច្ច​សហប្រតិបត្តិការ​ចុះ​ដកហូត​សត្វ​តោ ​ដែល​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នេះ ដឹកនាំ​ដោយ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ភ្នំពេញ សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ដោយសារ​មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយការណ៍​ ប្រាប់​អំពី​ការ​ចិញ្ចឹម​សត្វ​តោ​នៅ​ក្នុង​ផ្ទះ​វីឡា​ខាង​លើ​ ពី​សំណាក់​បុរស​ជនជាតិ​ចិន ទើប​អាជ្ញាធរ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើ​ការស្រាវជ្រាវ ​ឈាន​ដល់​ការ​ចុះ​ដក​ហូត​យក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ ដើម្បី​បញ្ជូន​ទៅ​ថែរក្សា​ទុក។​

​លោក​បន្ត​ថា ពលរដ្ឋ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចិញ្ចឹម​សត្វព្រៃ​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​នោះ​ទេ ដែល​​ផ្ទុយ​ពី​ច្បាប់ និង​មាត្រា ៤៩ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ កថា​ខ័ណ្ឌ​២ ត្រង់​ចំណុច​៣ ដែល​បាន​ចែងថា ការ​យក​ធ្វើជា​កម្មសិទ្ធិ សន្និធិ ឬ​ថែរក្សា​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជត្រូវ​បាន​ហាមឃាត់​។ ចំពោះ​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ​ នឹង​ធ្វើ​ការ​ប្រគល់​ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅដើម្បី​ចិញ្ចឹម​បីបាច់​បន្ត​។ ចំពោះ​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់ ​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​ធ្វើ​ការណែនាំ​ឈប់​ឱ្យ​ ចិញ្ចឹម​សត្វព្រៃ​បែបនេះ​បន្ត​ទៀត៕

Advertisement
Advertisement