Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមអាជីវករ​ផ្សារ​តាកែវ លើក​គ្នា​មក​សុំ​ឲ្យអភិបាលខេត្ត​​ចេញលិខិត​លុបចោល​ការ​សង់ផ្សារ​តាកែវថ្មី

ក្រុមអាជីវករផ្សារ​តាកែវ​ប្រមាណជាង​១០នាក់​កាលពីថ្ងៃម្សិលមិញ​ បានសម្រុក​លើក​គ្នា​ចូល​មក​ដល់​សាលា​ខេត្តតាកែវ​តែម្តង ដើម្បីសុំអន្តរាគមន៍ផ្ទាល់ពី​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធនឹង​ករណីរុះរើផ្សារតាកែវធ្វើថ្មី រួចលក់តូបម្តងទៀតឲ្យ​អាជីវករ។

ក្នុង​ជំនួប​ឈរទល់មុខ​ជាមួយ​លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមអាជីវករបានស្នើ​ឲ្យ​លោកអភិបាលខេត្ត​ចេញលិខិត​លុបចោល​ការ​សាងសង់ផ្សារ​នេះ ដោយថា ពួកគាត់​គ្មានលទ្ធភាពនឹងរកប្រាក់​មក​បង់​ទិញតូបម្តងទៀតនោះទេ ខណៈ​សេដ្ឋកិច្ច​កំពុងតែដុនដាប​ដោយ​សារ​វិបត្តិជំងឺកូវីដ១៩នោះ។ ក្រុមអាជីវករខ្លះបានលើក​ឡើងទៀតថា គាត់បានរកស៊ីលក់ដូរ​នៅផ្សារ​នេះ​គ្រាន់បានប្រាក់ចិញ្ចឹមគ្រួសារ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​មានវិបត្តិកូវីដ១៩ ដោយ​រកស៊ីមិនសូវបានផង ស្រាប់​តែ​មក​មានការរុះរើ​ធ្វើផ្សារ​ថ្មី ហើយ​តម្រូវ​ឲ្យ​ពួកគាត់ទិញតូបម្តង​ទៀត ពួកគាត់មិនដឹងថា តើ​នឹង​ទៅរក​លុយ​ឯណាមក​ទិញនោះទេ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុម​អាជីវករ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បាន​ថ្លែងថា លោក​មិនដែលចេញលិខិតអនុញ្ញាត​ឲ្យ​មានការរុះរើ និង​សាងសង់ផ្សារតាកែវថ្មីនោះទេ ដូច្នេះធ្វើម្តេចលោក​អាចចេញលិខិតលុបចោល​ការ​សាងសង់នោះ ។ លោកថា ទាល់តែមានការសិក្សា និង​ស្រង់មតិយោបល់ពី​បងប្អូនអាជីវករជាមុនសិន ទើប​ការសាងសង់អាចធ្វើទៅបាន ។

បើតាម​ក្រុមអាជីវករថា កន្លងមកមានការបំផុសបំផុល និង​មាន​មនុស្ស​ដើរលក់តូបផ្សារ ដោយថាផ្សារ​តាកែវ នឹង​ត្រូវ​ធ្វើការរុះរើ រួចសង់ថ្មីដោយ​ឈ្មួញឈ្មោះ ឡោ ជំនិត ដោយ​គេ​ដឹងថា ឈ្មួញរូបនេះបានវិនិយោគសង់ផ្សាររដ្ឋ​ជាច្រើន​មក​ហើយ​នៅ​ក្នុងខេត្តតាកែវ ក្នុងនោះមានដូចជា​ផ្សារណាត់ជាដើម ក្រោមរូបភាពធ្វើនំអត់ម្សៅ។

វិនិយោគ ដោយការធ្វើនំអត់ម្សៅ តើគេធ្វើរបៀបម៉េច?

បើតាមដឹងរឿងរ៉ាវខ្លះ​និយាយថា ការធ្វើនំអត់ម្សៅនេះ គឺ​ឈ្មួញគេ​គូរគម្រោងសាងសង់ផ្សារដោយពុះជាតូបៗ ហើយ​ដើរលក់តូបនោះ​ឲ្យ​អាជីវក ឬ​អ្នក​ដែលមានលទ្ធភាពទិញក្នុងតម្លៃ​មួយតូបរាប់ម៉ឺនដុល្លារ រួចទើបប្រមូលលុយទាំងនោះមកចែកគ្នា និង​ធ្វើការ​សាងសង់តាមក្រោយ ដូចជា​ករណីផ្សារណាត់ ឈ្នួញ​អាចប្រមូលលុយពីការពុះតូបលក់បានរហូតដល់ទៅរាប់លានដុល្លារ។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះ យើង​មិន​ទាន់អាចស្វែង​រកការបំភ្លឺពីលោក ឡោ ជំនិត ដែលជាឈ្មួញរកស៊ីធ្វើការ​វិនិយោគផ្សារនៅ​ក្នុងភូមិ​សាស្រ្ត​ខេត្តតាកែវ​បាន​នៅ​ឡើយទេ៕

Advertisement
Advertisement