Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទុះជម្លោះមួយប៉្រាវ ពេលដេញថ្លៃធ្វើផ្លូវបេតុង​នៅសាលាឃុំត្រាំកក់

_

តាកែវ – កាលពីព្រឹកមិញនេះ (២២ តុលា) មានករណីហិង្សាមួយ​បាន​កើត​ឡើង នៅ​ចំណុច​សាលា​ឃុំ​ត្រាំកក់ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ខណៈសាលា​ឃុំ​កំពុងតែធ្វើការ​ដេញ​ថ្លៃ​ក្នុង​ការ​ស្ថាបនាផ្លូវ​បេតុង​នៅ​ក្នុង​ឃុំ។

_

ជនរងគ្រោះ​ដែល​ក៏ជាតំណាងក្រុមហ៊ុនមួយមកពីខេត្តព្រៃវែង អះអាងថា ខ្លួនត្រូវបានអ្នកដេញថ្លៃនៅខេត្តតាកែវ វាយចំមុខ ពេល​កំពុង​អង្គុយរៀបឯកសារដាក់សំណើរចូលក្នុងប្រអប់ដេញថ្លៃក្នុងសាលាឃុំ។

ក្រោយកើតហេតុការណ៍ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បែរនោះដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ដោយឡែកក្រុមការងារលទ្ធកម្មខេត្តនិងក្រុមការងារលទ្ធកម្មឃុំត្រាំកក់ដែលមានភារកិច្ចក្នុងការទទួល និងបើកសំណើរដេញថ្លៃមូលនិធិឃុំនាពេលនោះ មិនបានបើកស្រោមសំបុត្រដើម្បីពិនិត្យមើល និងប្រកាសលទ្ធផលនោះទេ ដោយបានលើកពេលដេញថ្លៃទៅថ្ងៃមុខជាបន្ត ព្រោះមានការអុកឡុកក្នុងអំឡុងពេលប្រព្រិត្តទៅនៃការដេញថ្លៃគម្រោង។

_

ជាការកត់សម្គាល់ ស្ទើរតែទូទាំងខេត្តតាកែវហើយ រាល់ការដេញថ្លៃគឺមានក្រុមហ៊ុនជាច្រើនបានទៅចូលរួម ប៉ុន្តែគម្រោងភាគច្រើនមានតែក្រុមហ៊ុន ពីរ ទៅ បួន ប៉ុណ្ណោះដែលបានដាក់សំណើរដេញថ្លៃ ក្រៅពីនោះគេឃើញម្ចាស់ក្រុមហ៊ុនផ្សេងៗនៅក្បែរៗសាលាឃុំ ដោយរង់ចាំមើលលទ្ធផលអ្នកដែលដេញបានគម្រោង។

តាមអ្នកដឹងរឿងខ្លះថា ក្រុមហ៊ុនជាច្រើនដែលមក គឺមិនមែនមកយកគម្រោងទេ គឺមកយកលុយថ្លៃទឹកតែ បើអ្នកណាចង់បានគម្រោង ត្រូវតែដើរបញ្ចុះបញ្ចូលក្រុមហ៊ុន និងបោះលុយទឹកតែជាផ្នូរនិងការមិនឲ្យក្រុមហ៊ុនផ្សេងទៅចូលដាក់សំណើរក្នុងសាលាឃុំ។

_

យ៉ាងណាក៏ដោយ ករណី​កើត​ឡើង​នៅព្រឹកមិញនេះ គេ​សង្ស័យថា ប្រហែលអាចមកពី​ការនិយាយសម្របសម្រួលថ្លៃលុយទឹកតែគ្នាមិនត្រូវ ទើបកើតមានជម្លោះមួយប៉្រាវក្នុងសាលាឃុំត្រាំកក់នោះ៕

Advertisement
Advertisement