Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុកអង្គរបូរីថា នឹង​ស៊ើបអង្កេត​រកមុខ​អ្នក​លួច​លក់ដើមគីនីនអាយុជិត​១រយឆ្នាំ​នៅ​ក្នុង​បរិវេណសាលាវត្តកោះ

លោក ឌឹម កឹមសាន្ត អភិបាលស្រុកអង្គរបូរី និង​ដើមគីនីនដែលគេលួចកាប់

តាកែវ – ក្រោយពីមានការ​សម្តែង​មតិសោកស្តាយរបស់មន្រ្តីរាជការ ក៏​ដូចជា​ប្រជាពលរដ្ឋ​ ចំពោះ​ការ​លួច​ឃុបឃិតគ្នា​កាប់​ដើម​គីនីន​២ដើម​ដែលមានអាយុជិត​១រយឆ្នាំ ស្ថិត​នៅ​ក្នុង​បរិវេណសាលា​វត្ត​កោះ ស្ថិត​ក្នុង​ឃុំបាស្រែ រួចមក លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរីបានថ្លែងថា លោក​នឹង​ធ្វើការ​ស៊ើបអង្កេតរកអ្នក​លួច​អនុញ្ញាតឲ្យ​មានការ​កាប់ដើមឈើនេះ។

លោក ឌឹម កឹមសាន្ត អភិបាលស្រុកអង្គរបូរី និង​ដើមគីនីនដែលគេលួចកាប់

លោក ឌឹម គឹមសាន្ត បានថ្លែងថា ក្រោយ​ពីទទួលដំណឹង​ពីការ​កាប់ដើមគីនីនដែលមានអាយុ​ជិត​១រយឆ្នាំ នៅ​ក្នុង​បរិវេណសាលា​វត្តកោះ ស្ថិត​ក្នុង​ឃុំបាស្រែ រួចមក លោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់ និង​បញ្ឈប់​មិន​ឲ្យ​មានការ​កាប់បន្ត​ទៀតទេ ខណៈ​ដែលក្រុមអ្នក​កាប់​បាន​កាប់មែកលះ​រួចហើយ ហើយថា លោក​នឹង​បើកការ​ស៊ើបអង្កេត​រកឲ្យ​ឃើញ​អ្នក​ដែលអនុញ្ញាតឲ្យ​មានការ​កាប់នេះ។

បើតាម​ប្រភពខ្លះថា ដើមគីនីន​ដែលមានអាយុកាលជិត​១រយឆ្នាំនេះ គេ​បានឃើញ​ឈ្មួញ​ចូល​មក​មើលជា​ច្រើន​ដងហើយ ហើយថា ប្រសិន​បើ​គ្មានការ​អនុញ្ញាតទេ ប្រហែលជា​ឈ្មួញ​មិនហ៊ានចូលទៅ​កាប់ឆៅៗយ៉ាងដូច្នេះ​ទេ ដែលនេះ ត្រូវ​ប្រជាពលរដ្ឋ​គិតថា អាចនឹង​មានការឃុបឃិតគ្នា​រវាងអាជ្ញាធរ​មូលដ្ឋាន និង​នាយកសាលា ក្នុង​តម្លៃណាមួយ​ជាមិនខាន ដូចដែលពាក្យ​គេនិយាយថា បើ​ខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏​មិនហ៊ានចូលមកដែរ។

យ៉ាងណាក៏​ដោយ​ចំពោះករណីនេះ លោកមេឃុំបាស្រែ បានថ្លែង​ដោយ​បដិសេធថា លោក​មិន​បានដឹងរឿងនេះទេ ខណៈលោក ឡោ ចំរើន នាយកសាលាវត្តកោះ យើងមិន​អាច​ទាក់ទង​សុំ​ការបំភ្លឺបាន​នៅ​ឡើយទេនៅថ្ងៃនេះ។

សូម​បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​សាលាវត្តកោះ បាន​សម្តែង​ការភ្ញាក់ផ្អើល ក្រោយ​ពី​សំឡេង​រ៉ឺណាយន្ត​បានបន្លឺឡើង ហើយ​ពួក​គាត់​បានឃើញ​ក្រុមអ្នកកាប់ឈើ បានកាត់មែក និងចុងដើមគីនីនដែលមានអាយុជិត​១រយឆ្នាំនោះ ។ ក្រោយ​ពីឃើញ​សកម្មភាពនេះ ក្រុមប្រជាពលរដ្ឋ​ក៏​មានការ​ផ្អើលឆោឡោឡើង រួចក្រុមអ្នកអារឈើ ក៏​បានបញ្ឈប់​សកម្មភាពរបស់ខ្លួន ហើយ​ក៏​ចាកចេញអស់៕

Advertisement
Advertisement