Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាបង្ហាញភាពជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២

ភ្នំពេញ – វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនោះ ត្រូវបានប្រព្រឹត្តទៅនិងបិទបញ្ចប់ដោយជោគជ័យត្រចះត្រចង់ ខណៈប្រតិភូ អ្នកលក់ អ្នកទិញ និងសារព័ត៌មានជាតិ-អន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។ នេះ​បើតាម​ការ​បញ្ជាក់របស់​ក្រសួងទេសចរណ៍​កម្ពុជាកាលពីថ្ងៃអាទិត្យ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ចំពោះការងារគ្រប់គ្រងសុវត្ថិភាពនិងសុខភាពភ្ញៀវ គិតមកត្រឹមថ្ងៃទី២២ ខែមករា គណៈប្រតិភូដែលចូលរួមប្រជុំទាំងអស់បានត្រឡប់ទៅដល់មាតុប្រទេសរៀងខ្លួនវិញអស់ហើយ ដោយការធ្វើតេស្ត PCR មុនចេញដំណើរពីក្រុងព្រះសីហនុ មិនឃើញមានករណីវិជ្ជមានកូវីដ១៩លើជនណាម្នាក់ទេ»។

លោក ថោង ខុន បានបន្តថា ប្រតិភូអន្តរជាតិខ្លះបានផ្ញើសារមកសម្តែងការកោតសរសើរចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF 2022) និងអរគុណចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា។

ដោយឡែក ក្រុមជនបរទេសដែលចូលរួមពិព័រណ៍មួយចំនួននៃវេទិកា ATF 2022 បានបន្តដើរលេងកម្សាន្តតាមកោះនៃខេត្តព្រះសីហនុ ខ្លះដើរលេងនៅរាជធានីភ្នំពេញ និងខ្លះទៀតបានទៅដើរលេងនៅសៀមរាប-អង្គរ (ធ្វើដំណើរតាមរថយន្ត)។

គួរជម្រាបថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំ៕

Advertisement
Advertisement