Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីការពារជាតិអាស៊ានបានអនុម័តឯកសារទស្សនៈទានចំនួន ៣ដែលផ្តួចផ្តើមដោយកម្ពុជា

កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ

ភ្នំពេញ – ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) លើកនេះសម្រេចបានការអនុម័តឯកសារទស្សនៈទានចំនួន ៣ ដែលផ្តួចផ្តើមដោយកម្ពុជា និងឯកសារមួយចំនួនទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា អង្គប្រជុំបានអនុម័តឯកសារទស្សនៈទានចំនួន៣ដែលផ្តួចផ្តើមដោយកម្ពុជារួមមាន ឯកសារទស្សនៈទានស្តីពីការលើកកម្ពស់សហប្រតិបត្តិការណ៍កងទ័ពបណ្តារប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាត ការលើកកម្ពស់យន្តការណ៍គាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន និងឯកសារទស្សនៈទានស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការណ៍ស្ថាប័នអប់រំយោធាអាស៊ាន។

បន្ថែមពីនេះ អង្គប្រជុំក៏បានអនុម័តនូវឯកសារចក្ខុវិស័យ ស្តីពីតួនាទីការពារជាតិ ក្នុងការគាំទ្រស្តារឡើងវិញ ក្រោយកូវីដ-១៩ ដែលផ្តួចផ្តើមនិងរៀបចំដោយសិង្ហបុរី និងកម្ពុជា ឯកសារលក្ខខណ្ឌប្រតិបត្តិនៃមជ្ឍមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខ ព័ត៌មានវិទ្យា ដែលចងក្រងដោយសិង្ហបុរី។

ជាមួយគ្នានេះសម្តេចប្រមុខការពារជាតិក៏បានលើកឡើងពីនយោបាយឈ្នះៗរបស់កម្ពុជាដែលនាំមកនូវសន្តិភាពដ៏ពេញលេញមួយ របស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចថា៖ «ច្បាស់ណាស់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកនេះ យើងមានការផ្សព្វផ្សាយ ហើយទស្សនៈរបស់យើងក៏បានបញ្ជាក់ដ៏ជាក់លាក់បំផុត គឺខ្ញុំនិយាយអំពីបញ្ហារ រឿងនយោបាយឈ្នះៗ យើងបានបញ្ជាក់ហើយជាស្រេចនៅក្នុងនោះគឺ សុខសន្តិភាពដ៏ពេញលេញមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលដណ្តើមបាន ហើយក៏បន្តនិរន្តភាពរហូតមកដល់សព្វថ្ងៃនេះ នោះគឺមូលដ្ឋានគ្រឹះសំខាន់បំផុតនោះ សុខសន្តិភាពដ៏ពេញលេញដែលបានទទួលតាមរយៈនយោបាយឈ្នះៗ ដែលមានគុណតម្លៃដ៏ធំធេងបំផុត»។

សម្តេចពិជ័យសេនាក៏បានអញ្ចើញឱ្យរដ្ឋមន្រីការពារជាតិអាស៊ានឱ្យទៅទស្សនាវិមានឈ្នះៗនៅល្ងាចថ្ងៃទី២២ ខែមិថុនានេះផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងនៅរាជធានីភ្នំពេញ នៅឯទីស្តីការក្រសួងការពារជាតិ។

កិច្ចប្រជុំនេះដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ និងមានវត្តមានរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក្នុងនោះក៏មាននាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា ចូលរួមផងដែរនៅក្នុងកិច្ចប្រជុំនេះ។

គួរឱ្យដឹងសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងធ្វើឡើងរយៈពេលមួយព្រឹក ហើយនៅរសៀលថ្ងៃទី២២ ខែមិថុនានេះ ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនក្នុងទម្រង់ប្រព័ន្ធវីដេអូផងដែរ៕

Advertisement
Advertisement