Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាពធ្វើតេស្តរកសារធាតុញៀន

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងនោះមានដូចជា មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរផែនការ និងមន្ទីរមុខងារសាធារណ ធ្វើតេស្តរកសារធាតុញៀនតាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះ សីហនុ មិនមានការពាក់ព័ន្ធនឹងសារធាតុញៀន។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោករួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺអាទិភាពដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។

ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ ឪ្យមានប្រសិទ្ធិភាព ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឹងម៉ាត់តាមរយៈបទបញ្ជាដាច់ខាតដូចខាងក្រោម៖

១- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣- ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ណដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជ ធានី ខេត្ត ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ត្រូវអនុវត្តបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរៀបចំធ្វើតេស្តិចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៅតាមមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចាក់ថា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុ មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement