Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ហេង ឡុង ចោទបងប្រុសអភិបាលខេត្ត​ពោធិ៍សាត់ រំលោភ​យក​ដីលោក ព្រាប សុវត្ថិ ១៩ហិកតានៅ​ខេត្ត​មណ្ឌលគិរី

លោក ហេង ឡុង និង​លោក ព្រាប សុវត្ថិ ព្រមទាំងបង្គោលដីដែលត្រូវគេកាត់

ភ្នំពេញ – លោក ហេង ឡុង ប្រធាន​សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គមកាលពី​ល្ងាចមិញ​នេះ​ថា លោក ព្រាប សុវត្ថិ អ្នក​ចម្រៀង​ល្បី​ឈ្មោះ​នៅ​កម្ពុជា ត្រូវ​បាន​លោក ម៉ៅ ធនារក្ស បងប្រុស​អភិបាល​ខេត្ត​ពោធិ៍សាត់ រំលោភ​យកដី​នៅ​ខេត្ត​មណ្ឌល​គិរី​ចំនួន១៩ហិកតា​ទាំងអយុត្តិធម៌។

​លោក ព្រាប សុវត្ថិ និងលោក ហេង ឡុង ព្រមទាំងបង្គោលដីដែលត្រូវគេកាត់

លោក ហេង ឡុង បាន​បញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ)តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។

ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និង ជាបងប្រុសបង្កើតរបស់ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។

ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ។

យ៉ាងណាក៏ដោយ ចំពោះករណី យើង​នៅ​មិន​ទាន់ទទួល​បានការ​បកស្រាយ​ពី​លោក ម៉ៅ ធនារក្ស បងប្រុស​អភិបាល​ខេត្ត​ពោធិ៍សាត់​នៅ​ឡើយ​ទេ៕

Advertisement
Advertisement