Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រសួងរកឃើញថា ក្រុមហ៊ុនស្មាត លួច​ផ្តាច់​លេខទូរស័ព្ទអតិថិជន យកទៅ​លក់​ឲ្យ​អ្នក​ផ្សេង

ក្រុមហ៊ុន Smart

ក្រសួងប្រៃសណីយ៍បានឲ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មា​នៅថ្ងៃនេះថា ខ្លួនបាន​រកឃើញថា ក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ដោយលួចផ្ដាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើទៅលក់បន្តដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។

ក្រុមហ៊ុន Smart

ទាក់ទងនឹងបញ្ហានេះ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុន ស្មាត ក្នុងលក្ខខណ្ឌចំនួន៤ គឺ

ទី១) ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។

ទី២) ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។

ទី៣)ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។ និងទី៤) រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ជាមួយ​គ្នា​នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរំលឹកដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស៕

Advertisement
Advertisement