ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្ត ក្នុងមូលដ្ឋានខណ្ឌ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នាយប់មិញឃើញថា មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០%-ទៅ៤០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (ថ្ងៃទី១ ឆ្នាំមុន) បានមកលេងកំសាន្ត នៅតាមបណ្តោយសួនច្បារច្រាំងទន្លេមុខព្រះបរមរាជវាំង និងបានទស្សនាការបាញ់កាំជ្រួច ប្រកបដោយស្នាមញញឹម និង ភាពរីករាយ៕