Connect with us

Hi, what are you looking for?

ក្នុងស្រុក

WHO គាំទ្រកម្ពុជាសម្រេចចិត្ដក្នុងការបើកដំណើរការសាលារៀនឡើងវិញ

(កំពង់ធំ) — លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាលជាងមុនហើយ ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដមួយដ៏ល្អត្រឹមត្រូវ។

ថ្លែងពីខេត្តកំពង់ធំ ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន នាំយកអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ កាលពីថ្ងៃទី៦ ខែកញ្ញា លោកស្រី បានលើកនូវហេតុផលចំនួន៣ចំណុចថា ១៖ សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ, ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង, ៣៖ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែលយើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត ។ ដូច្នេះហើយការបើកសាលារៀនឡើងវិញ គឺអាចឋិតនៅលើការគ្រប់គ្រងរបស់យើងបាន ដោយការដាក់បញ្ជូលវិធានការទាំងឡាយ ដែលយើងធ្លាប់អនុវត្ដកន្លងមក។

«ជាការពិតណាស់ វិធានការ ៣ការពារ ៣កុំ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ឱ្យប្រជាពលរដ្ឋអនុវត្ដ ដើម្បីឱ្យចៀសផុតពីការចម្លងមេរោគកូវីដ១៩នេះ គឺនៅតែមានប្រសិទ្ធភាព។ ដូច្នេះពេលបើកដំណើរការសាលារៀនឡើងវិញនេះ គឺត្រូវតែអនុវត្ដវិធានការនេះ ឱ្យបានល្អបំផុត ដោយត្រូវមានវិធានការ និងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតនឹងអាចកើតមានឡើង ពេលបើកសាលារៀនឡើងវិញ ប៉ុន្ដែបើយើងមានប្រព័ន្ធក្នុងការរុករក ក្នុងករណីសង្ស័យ ហើយឆ្លើយតបទាន់ពេលវេលានោះ យើងនឹងអាចកាត់បន្ថយនូវហានិភ័យនេះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

Advertisement
Advertisement