Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅក្រមត្រៀមបញ្ជូនសំណុំរឿងស្មៀនឃុំ​ព្រះស្រែ ទៅធ្វើការ​ជំនុំជម្រះ ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និង​បទ​បរិហារកេរ្តិ៍

(កំពង់ស្ពឺ)៖ ស្មៀនឃុំព្រះស្រែដែលសំបូររឿងអាស្រូវរំលោភយកដីរដ្ឋ ឥឡូវនេះត្រូវ​បាន​ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ត្រៀម​បញ្ជូន​រឿង​ទៅ​ធ្វើការ​ជំនុំជម្រះ ក្រោយ​ពីបានបញ្ចប់នីតិវិធីស៊ើបសួរ។

ជនសង្ស័យឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវលោកព្រះរាជអាជ្ញារង អ៊ូ ផាត សម្រេចចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

ជាមួយនឹងការចោទប្រកាន់លើឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នេះដែរ តំណាងអយ្យការក៏បានចេញលិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ តាមរយៈក្រសួងយុត្តិធម៌ ស្ដីពី ការចោទប្រកាន់លើជនជាប់ចោទរូបនេះផងដែរ។

សូម​បញ្ជាក់ដែរថា ឈ្មោះ ហ៊ុយ សេង ដែលធ្លាប់ប្រកាសប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ និងធ្លាប់ប្ដឹងគំរាមប្រជាជនណាដែលហ៊ានចេញមុខការពារដីរដ្ឋ ,ដីរួម និងជួយប្រជាជនរងគ្រោះព្រោះឈ្មួញលួចដីយកទៅលក់នោះ ត្រូវបានពលរដ្ឋរងគ្រោះប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្តិ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

ឈ្មោះ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ រូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹងទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរកាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈ។

ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរជំនាញណា ហ៊ានឲ្យមន្ត្រីស្មៀនដែលមានលុយរាប់មិនអស់រូបនេះ វាយរបងបេតុងនោះចេញនៅឡើយទេ គឺបានត្រឹមតែចុះពិនិត្យ និងធ្វើកំណត់ហេតុជូនថ្នាក់លើថា ពិតជាមានការរំលោភយកដីអូរប្រាកដមែន។ ជាមួយគ្នានោះ ក៏ពុំមានឃើញមន្ត្រីថ្នាក់លើណាហ៊ានដាក់ពិន័យរដ្ឋបាលចំពោះមហាសេដ្ឋីស្មៀនរូបនេះដែរ៕

Advertisement
Advertisement