Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាងពាក់ស្បែកខ្លា ឈ្មួញឈើម្នាក់ហ៊ានដឹកឈើចេញពីស្រុកភ្នំស្រួចដោយ​មិន​ខ្លាច​សមត្ថកិច្ច

(កំពង់ស្ពឺ)៖ យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹងថា កាលពីអំឡុងចុងខែតុលានេះ មានឈ្មួញដ៏មានឥទ្ឋិពលប្រចាំស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺម្នាក់ ដែល​គេ​ដឹងថា មានឈ្មោះ មែន ភីរីណា ជាមន្ត្រីអាវុធហត្ថផងនោះ បានយករថយន្ត​កង់ដប់ មក​ដឹកជញ្ជូនឈើ​ដែលមាន​មុខ​កាត់ធំៗ ចេញពី​ស្រុកភ្នំស្រួច ទៅកាន់រាជធានីភ្នំពេញ ដោយ​មិន​ញញើត​សមត្ថកិច្ច​ឡើយ។

បើតាម​សេចក្តីរាយការណ៍ថា ការដឹកជញ្ជូនឈើនេះ មិនមែនជាលើកទី១របស់លោក មែន ភីរីណា នោះទេ ដោយ​មន្រ្តីអាវុធហត្ថ​រូបនេះ បានធ្វើសកម្មភាពជាច្រើនដងមកហើយ ដោយគេដឹកជញ្ជូនឈើចេញពីភូមិនានាដែលលាក់ទុកក្នុងព្រៃ ខ្លះក្រោយផ្ទះប្រជាពលរដ្ឋ ហើយរាល់ការដឹកជញ្ជូនឈើម្តងៗឈ្មោះនេះតែងតែនិយាយអួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានបង្ក្រាបការដឹកឈើរបស់គេនោះទេ ព្រោះថ្នាក់ដឹកនាំខេត្តទាំងមូលគឺសុទ្ឋតែជាគ្នីគ្នារបស់គេអស់ហើយ លើសពីនេះទៅទៀតការរកស៊ីដឹកឈើនេះ គឺគេរកស៊ីដើម្បីចិញ្ចឹមអង្គភាព ដូចច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបការដឹកឈើរបស់គេឡើយ។

ពាក់ព័ន្ឋនឹងករណីនេះ យើងមិនអាចសុំការបកស្រាយពីលោក មែន ភីរីណា បាននៅ​ឡើយទេនៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បានសំណូមពរដល់លោកនាយឧត្តមសេនីយ៍ សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាចាត់ក្រុមបង្ក្រាបថ្នាក់ជាតិ ចុះ​មកបង្ក្រាបករណីកាប់ និង​ដឹកជញ្ជូនឈើនៅស្រុកភ្នំស្រួចផង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ដែលបង្ក​ឡើងដោយ​អ្នកពាក់ស្បែកខ្លាបន្តទៅទៀត៕

អត្ថបទ៖ នាងខ្មៅ

Advertisement
Advertisement