(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន ១៣៧ គ្រួសារ រស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង កាលពីពេលថ្មីៗនេះ បានរួមគ្នាដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពីអតីតមេភូមិ និងមេភូមិ រួមគំនិតគ្នាលួចលក់ដីរួមរបស់ពួកគាត់ឲ្យមន្រ្តីម្នាក់នៅក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។
បើយោងតាមពាក្យបណ្តឹង ក្រុមប្រជាពលរដ្ឋបានប្តឹងចោទទៅឈ្មោះ អំ ចេវ អាយុ៦៧ឆ្នាំ ជាមេភូមិដូនអាត់, ឈ្មោះ ញ៉ឹប ញឿន អាយុ៥៥ឆ្នាំ ជាអនុភូមិដូនអាត់, ឈ្មោះ លាស់ គីញ អាយុ៦៧ឆ្នាំ ជាអតីតមេភូមិដូនអាត់ និងឈ្មោះ ប៉ាក ចាន់ផល អាយុ៥០ឆ្នាំ ជាមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
ប្រជាពលរដ្ឋបានលើកឡើងថា ដីរួម៥៤ហិកតានោះ ពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយរហូតមកដល់ឆ្នាំ២០១១ ស្រាប់តែលោកមេភូមិ និងអនុភូមិដូនអាត់ បានមកប្រាប់ប្រជាពលរដ្ឋក្នុងភូមិថា ដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលនោះ គឺជាដីរបស់រដ្ឋ ហើយរដ្ឋកំពុងត្រូវការដីអភិវឌ្ឍន៍ ត្រូវទាមទារយកដីពីប្រជាពលរដ្ឋវិញ, ដោយលឺថារដ្ឋត្រូវការដីអភិវឌ្ឍ ប្រជាពលរដ្ឋក៏យល់ព្រមប្រគល់ដីឲ្យដើម្បីផលប្រយោជន៍រួម។ ហើយនៅឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញគេយកគ្រឿងចក្រមកឈូសឆាយដីខាងលើ តែពួកគាត់មិនដឹងថាជារបស់ឯកជនឡើយ ដោយស្មានតែរដ្ឋមកឈូសឆាយអភិវឌ្ឍន៍ លុះមកដល់ឆ្នាំ២០២០នេះ ទើបពួកគាត់ដឹងថា ដីរួមរបស់ពួកគាត់៥៤ហិកតាដែលគ្រឿងចក្រមកឈូសឆាយនោះ គឺគេបានលក់ទៅឲ្យឈ្មោះ ប៉ាក់ ចាន់ផល អស់ទៅហើយ។
ជុំវិញករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺណាមួយពីលោកមេភូមិដូនអាត់បានទេនៅថ្ងៃនេះ ដោយលោកថា ជាប់រវល់។
ដោយឡែកលោក ប៉ាក ចាន់ផល ដែលមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ដីនោះលោកបានចុះបញ្ជីធ្វើប្លង់តាំងពីឆ្នាំ២០០៨ និង២០០៩ និង២០១០រួចរាល់អស់ហើយ ហើយថា ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋទាំងនោះ គឺមានអ្នកនៅពីក្រោយខ្នងញុះញង់ដើម្បីបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ៕