(ភ្នំពេញ)៖ គិតត្រឹមរយៈពេល១ថ្ងៃ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងប្រមាណជា ជាង២ម៉ឺនតោន នៅក្នុងរដូវប្រមូលផលនេះ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងតាមរយៈបណ្តាញសង្គមថា គ្រាន់តែខេត្តព្រៃវែងមួយ ក្នុងមួយថ្ងៃ មានស្រូវប្រមាណ ១០ ៥២៤តោន ត្រូវបានគេនាំចេញទៅកាន់ប្រទេសវៀតណាម។
ហើយបើគិតពីការនាំស្រូវចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាមតាមស្រុកសំខាន់ៗជាប់ព្រំដែន មកទល់ពេលនេះ គឺមានចំនួន ១ ៥៣៦ ៣៥០តោនហើយ។
សម្រាប់តម្លៃស្រូវដែលឈ្មួញបាននឹងកំពុងទិញពីប្រជាពលរដ្ឋខ្មែរវិញ ត្រូវបានលោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងនោះ ស្រូវផ្ការំដួលសើម មានតម្លៃ ១១៣០រៀលក្នុងមួយគីឡូក្រាម, ស្រូវ OM5451 មានតម្លៃ ៩១០រៀលក្នុងមួយគីឡូក្រាម និងស្រូវអ៊ីអ៊ែ504 មានតម្លៃ ៩២០រៀលក្នុងមួយគីឡូក្រាម៕