ភ្នំពេញ៖ នៅយប់មិញនេះ លោក ដួង តារា ដែលគេដឹងថា ជាមន្រ្តីខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្រុសៗ ត្រូវប្រយ័ត្នចូលអន្ទាក់ស្រីស្អាតតាមអនឡាញ ព្រោះមានករណីបុរសម្នាក់ត្រូវស្រីស្អាតគំរាមទារប្រាក់ ក្រោយថតវីដេអូអាក្រាតឲ្យគេមើល។
លោក ដួង តារា បានសរសេរថា «មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi »។
ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសអោយចេះបង់លុយតាម Western Union ។
ចំពោះករណីនេះ លោក ដួង តារា បានប្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យសូមប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង៕