ភ្នំពេញ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងថា ពេលនេះស្ករត្នោតកំពង់ស្ពឺកំពុងប្រឈមនឹងបញ្ហាខ្សែសង្វាក់ផលិត ខណៈដែលតម្រូវការស្ករត្នោតកំពុងកើនឡើង។
លោក សំ សារឿន បានថ្លែងថា ការនាំចេញស្ករត្នោតទៅក្រៅប្រទេសមានតម្រូវការច្រើន រីឯតម្រូវការក្នុងស្រុកក៏ពេញនិយម តែបញ្ហាត្រង់ថាការផ្គត់ផ្គង់ស្ករត្នោតនៅមានការខ្វះខាតមិនបានគ្រប់តម្រូវការទីផ្សារដែលមានចំនួនពី១០០ ទៅ២០០តោនក្នុងមួយឆ្នាំនោះទេ។
ការមិនអាចផ្គត់ផ្គង់ទីផ្សារបាន ត្រូវលោក សារឿន បញ្ជាក់ថា ដោយសារប្រជាកសិករដែលប្រកបរបរនេះថ្មីថ្មោងបានបោះបង់ការឡើងត្នោត ពោលគឺនៅសល់តែប្រជាកសិករចាស់ៗតែប៉ុណ្ណោះ។
តាមលោក សំ សារឿន បច្ចុប្បន្នប្រជាកសិករដែលប្រកបរបរធ្វើត្នោតនេះ មានតែបីស្រុកប៉ុណ្ណោះ គឺស្រុកឧដ្ដុង ស្រុកសំរោងទង និងស្រុកអង្គស្នួល ដែលកំពុងប្រកបរបរនេះហើយស្ថិតក្នុងការគ្រប់គ្រងរបស់សហគម និងកំពុងមានការខ្វះខាតផ្នែកសម្ភារៈ ឧបករណ៍មួយចំនួន និងវត្ថុធាតុដើម ដូចជាពពែល បង្អោង តែយ៉ាងណាក៏ដោយខាងសមាគមកំពុងតែដោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហានេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១០ដែលបានសហការណ៍ទិញស្ករត្នោតពីសហគម ដែលភាគច្រើនជាក្រុមហ៊ុនក្នុងស្រុក ហើយមានក្រុមហ៊ុនមួយចំនួនទទួលទិញស្ករត្នោតពីសហគមហើយនាំចេញទៅក្រៅប្រទេសដោយខ្លួនឯងមានជាង១០ប្រទេស ដូចជាចិន កូរ៉េ ជប៉ុន អង់គ្លេស អាឡឺម៉ង់ បារាំង អេស្បាញ អាមេរិកជាដើម៕