Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម គួច ចំរើន បានដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលជំងឺកូវីដ-១៩ ក្នុងសហគមន៍

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងតំណាងសមាគមន៍ទូកដឹកភ្ញៀវទេសចរណ៍ផងដែរ ហើយកិច្ចប្រជុំនេះបានប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃក្រោយនេះ ប្រទេសវៀតណាម និងប្រទេសថៃកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ដោយប្រទេសទាំងពីរមានព្រំប្រទល់ជាប់ប្រទេសរបស់យើង ទាំងផ្លូវទឹក និងផ្លូវគោក។ ដោយឡែកខេត្តព្រះសីហនុសម្រាប់ការនាំចូលជំងឺកូវីដ-១៩ តាមផ្លូវទឹកគឺពិតជាមានការព្រួយបារម្ភ ព្រោះអាចមានប្រជាពលរដ្ឋខ្មែរមកពីប្រទេសជិតខាងចូលមក ដូច្នេះសូមឱ្យកម្លាំងសមត្ថកិច្ចមានដូចជា កងទ័ពជើងទឹក នគរបាលព្រំដែនទឹក និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតចូលរួមសហការគ្រប់គ្រងផ្លូវទឹកឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការការពារទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍របស់យើង។

ឯកឧត្តម បានបន្តថា ពេលប្រជាពលរដ្ឋមកពីប្រទេសជិតខាងឆ្លងកាត់តាមច្រកសមុទ្រផែខេត្តព្រះសីហនុ តម្រូវឱ្យពួកគាត់ធ្វើចក្តាឡីស័ក១៤ថ្ងៃ គោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិន និងធ្វើការយកសំណាកចំនួនពីរដង ។ ដូច្នេះយើងត្រូវពង្រាយកម្លាំងតាមគោលដៅក្នុងការគ្រប់គ្រងតាមផ្លូវទឹកឱ្យបានល្អ និងរៀបចំមណ្ឌលចក្តាឡីស័ក សម្រាប់ដាក់ប្រជាពលរដ្ឋដែលវិលមកកម្ពុជា តាមច្រកកំពង់ផែនេសាទក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានឧបត្ថម្ភថវិកាដល់អង្គភាពចំនួន៩ ក្នុងខេត្តព្រះសីហនុ មានដូចជា៖ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ, វរការពារព្រំដែនទឹកលេខ២៤០, អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ, ទីបញ្ជារការជួរមុខគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ, កងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ, ស្នងការនគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត និងរដ្ឋបាលជលផលខេត្ត ក្នុងមួយអង្គភាពថវិកាចំនួន ១០លានរៀល៕

ដោយ នាគសមុទ្រ

 

 

 

Advertisement
Advertisement