Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្នាំនេះ ខេត្ត​ព្រះសីហនុ​នឹង​មានព្រឹត្តិការណ៍​ធំៗ​ចំនួន៣

ព្រះសីហនុ​ – នៅក្នុងឆ្នាំ២០២១នេះ ខេត្ត​ព្រះសីហនុនឹង​រៀបចំធ្វើព្រឹត្តិការណ៍​ធំៗ​ចំនួន៣ គឺព្រឹត្តិការណ៍ កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់», ព្រឹត្តិការណ៍សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវថ្មីទាំង៣៤ខ្សែ និងពិធីបុណ្បសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បើកកិច្ចប្រជុំដោយបានបញ្ជាក់ថា ខេត្តព្រះសីហនុទទួលបានសមិទ្ធផលធំធេង ដោយសារការដឹករបស់ឯកឧត្តមអភិបាលខេត្ត ជម្រុញការអភិវឌ្ឍខេត្តដោយរលូន មានផ្លូវថ្នល់ល្អស្អាត ព្រមទាំងកោតសរសើរចំពោះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានចូលរួមការអភិវឌ្ឍខេត្តព្រះសីហនុ មកដល់បច្ចុប្បន្ន ហើយសមិទ្ធផលដ៏ធំធេងនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តថា ទាក់ទងនិងព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ ១៤កុម្ភ: ឆ្នាំ២០២១ នេះជាដំណាក់កាលចាប់ផ្តើមឡើងវិញ នៃការរៀបចំជម្រុញទេសចរណ៍ក្នុងស្រុក និងទទួលទេសចរបរទេស ដោយពង្រឹងគោលដៅសុវត្ថិភាព រៀបចំសមិទ្ធិផលទេសចរណ៍ ស្របតាមនិន្នាការយើងអាចរៀបចំព្រឹត្តិការណ៍កីឡាទាក់ទាញទេសចរ ក៏ប៉ុន្តែយើងមិនអាចរៀបចំកម្មវីធីទេសចរណ៍ដែលមានមនុស្សច្រើនដូចជា ការរត់ប្រណាំងម៉ារ៉ាតុង ជាដើម ព្រោះយើងត្រូវរក្សាគម្លាតសុវត្ថិភាព ។ ការជិះកង់នៃក្តីស្រឡាញ់ បានបង្ហាញគោលដៅ ទេសចរណ៍ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុដល់ទេសចរក្នុងស្រុក និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនៅពេលខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារ អន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូន ។ ក្នុងនោះមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត ហើយចំពោះការរៀបចំឱ្យមានវិថីម្ហូបអាហារ ក៏ត្រូវរៀបចំឱ្យបានល្អប្រសើរ។ ជំរុញឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគណៈកម្មការរៀបចំត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវ វិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប់ជានិច្ច ដាច់ខាតត្រូវរួមគ្នា អនុវត្តឱ្យបានហ្មត់ចត់បំផុត។

ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានប្ដេជ្ញាអំពីការចូលរួមអនុវត្តកិច្ចការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានការចាត់ឱ្យមន្ត្រីជំនាញនៅរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាមមុខការរៀងខ្លួន ទាំងការងាររៀបចំទីតាំងពិធីបុណ្យ ការត្រៀមការការពារបញ្ហាសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ អ្នករៀបចំកម្មវិធី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំតុបតែងកែលម្អសោភ័ណភាពក្នុងទីក្រុង តាមផ្លូវសាធារណៈជាដើម។

នាឱកាសនោះ ឯកឧត្តម ថោង ខុន និងឯកឧត្តម គួច ចំរើន ក៏បានបន្តដឹកនាំកិច្ចពិភាក្សាត្រៀមរៀបចំពិធីបើកសម្ពោធជាផ្លូវការនូវផ្លូវទាំង ៣៧ ខ្សែ និងសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងប្រារព្ធធ្វើនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខាងមុខផងដែរ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement