Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិនិត្យ​សក្តានុពលតំបន់ព្រែកទឹកសាបក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដំណើរទស្សនកិច្ចសិក្សាពីសក្តានុពលតំបន់ព្រែកទឹកសាបក្នុងខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្ត និងលោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងឲ្យសមាជិក សមាជិកា សភាពាណិជ្ជកម្ម និងក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តព្រះសីហនុពិតជាមានមហាកិត្តិយសណាស់ ដែលបានលោករដ្ឋមន្ត្រី និងគណប្រតិភូ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញចុះមកពិនិត្យដល់ទីតាំងជាក់ស្តែងនៅតំបន់ព្រែកទឹកសាបរាម ហើយជាការពិតតំបន់ព្រែកទឹកសាបរាមនេះគឺពិតជាមានសក្តានុពលខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម ដែលមិនទាន់ត្រូវបានកែច្នៃនៅឡើយដោយមើលឃើញនូវចំណុចនេះហើយ ទើបសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នាពេលកន្លងទៅបានធ្វើការស្នើសុំចំពោះលោករដ្ឋមន្ត្រី ឱ្យជួយរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម នៅតំបន់ព្រែកទឹកសាបរាមនេះ ដោយសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្មសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ។

លោកឧកញ៉ា វណ្ណ សុខហេង បន្តថាសម្រាប់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្មនេះ ក៏មានផលលំបាកផងដែរ នៅហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងច្រាំងព្រែក ព្រមទាំងការគ្រប់គ្រងសំណង់ក្នុងការសាងសង់ច្បាប់អាជីវកម្មនៅលើផ្ទៃទឹក ផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ និងកសិកម្ម ព្រែកទឹកសាបរាម គឺសុទ្ធតែជាបញ្ហាប្រឈមត្រូវមានយន្តការដោះស្រាយដ៏សមស្របមួយ៕

ដោយ នាគសមុទ្រ

 

 

Advertisement
Advertisement