Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនចំនួន ៣នាក់ ចូលទៅប្លន់ក្នុងម៉ាត ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីភ្ជង់ប្លន់ និងប្រើកាំបិតចាក់បណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់) នៅចំណុចផ្ទះល្វែង (ម៉ាតចិន) ស្ថិតនៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ឈ្មោះ YANG BAO QIANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជនដៃដល់ប្រើកាំបិតចាក់ទៅលើជនរងគ្រោះ)។ ឈ្មោះ XU DONG PING ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ)។ ឈ្មោះ LI PEN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (អ្នកសមគំនិត)។

ចំណែកជនរងគ្រោះឈ្មោះ XU SHENXIANG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅ ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ រយះបាតដៃខាងស្តាំ, ម្រាមដៃកណ្តាល, ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចិន ប៉ាយឈៀវ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ បានចូលទៅក្នុងផ្ទះល្វែង(ម៉ាត) របស់ជនរងគ្រោះ រួចធ្វើសកម្មភាពប្លន់ ដោយប្រើអាវុធខ្លីភ្ជង់គំរាម និងប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះរួចទើបជនសង្ស័យរត់គេចខ្លួន។

បើតាមចម្លើយរបស់ជនសង្ស័យ មូលហេតុដែលពួកគេធ្វើសកម្មភាពប្លន់ ព្រោះពួកគេខ្វះខាតប្រាក់ចាយវាយ ទើបបបួលគ្នារៀបចំគំរោងចេញប្លន់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ខាងលើត្រូវបានសមត្ថកិច្ចកំពុងសាកសួរដើម្បីស្រាវជ្រាវ រកវត្ថុតាងដូចជាអាវុធខ្លី និងកាំបិតចុងស្រួច ដែលពួកគេធ្វើសកម្មភាពប្លន់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement