Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ទោះជាមានវិបត្តិសេដ្ឋកិច្ចជាសកលយ៉ាងណា ក៏ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន នៅតែបន្ត

ព្រះសីហនុ – បើទោះជាមានវិបត្តិសេដ្ឋកិច្ចជាសកលយ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញថា អ្នកវិនិយោគទុននៅតែបន្តវិនិយោគក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់ហើយនាពេលបច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសគឺវិស័យអចលនទ្រព្យ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

តួយ៉ាងកាលព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន បានបើកពិធីសម្ពោធជាផ្លូវការទៅលើគម្រោងសាងសង់អគារស្នាក់នៅ ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រួមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។

ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម តុល លន ស្ថាបនិកក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណជាង ៦៦ហិកតា ដែលមានការសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលបានបណ្ដាក់ទុន វិនិយោគ​​ជាង​ ១០០លាន​ដុល្លាអាមេរិក​។

ហើយក្នុងនោះផងដែរក្រុមហ៊ុនក៏បានគោរពថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព បង្កើនឱកាសដល់ការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយគ្នានោះផងដែរលោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន សុីធី ឡូតធឺសសុីថោន បានធ្វើរបាយការណ៍ជូនអង្គពិធីថា ក្រុមហ៊ុននឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដាតាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ប្រកបសោភ័ណ្ឌភាព និងភាពសុីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។

នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលក្នុងពិធីខាងលើនេះ ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជម្ងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ ដើម្បីឱ្យភ្ញៀវមកទស្សនា និងមកលេងកំសាន្ត។

ហើយជាមួយនេះដែរការគាំទ្រ លើកទឹកចិត្តចំពោះដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន លន សុីធី ក្នុងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាលជាចាំបាច់ នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឡើងគ្រប់ទីកន្លែង៕

ដោយ នាគសមុទ្រ

Advertisement
Advertisement