Connect with us

Hi, what are you looking for?

ក្នុងស្រុក

WWF ៖ ត្រីទឹកសាបជាច្រើនប្រភេទ​កំពុង​ឈានទៅរកការផុតពូជ

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានឲ្យ​ដឹងនៅ​ក្នុង​របាយការណ៍​របស់ខ្លួនថា មួយភាគបីនៃប្រភេទត្រីទឹកសាបដែលពិភពលោកមិនសូវផ្តោតការយកចិត្តទុកដាក់កំពុងទទួលរងការឈានទៅរកការផុតពូជ។

ការវាយតម្លៃបឋមស្តីអំពីការជួញដូរត្រី និងនេសាទខុសច្បាប់ឆ្នាំ២០២០ របស់អង្គការ WWFប្រចាំនៅកម្ពុជា បានបង្ហាញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីក្របី ត្រីខ្លា ត្រីត្រចៀកដំរី និងត្រីបបែលទឹកសាប ក្នុងចំណោមត្រី៣៥ប្រភេទផ្សេងទៀត ត្រូវបានគេជួញដូរ និងលក់តាមទីផ្សារក្នុងប្រទេសកម្ពុជា ក៏ដូចជានាំចេញទៅលក់នៅប្រទេសជិតខាង។ ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទទទួលរងគ្រោះជិតផុតពូជបំផុតទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា ចំណែកឯត្រីក្របី ត្រីខ្លា និងត្រីត្រចៀកដំរីត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។

លោក ស្ទួត អរ (Stuart Orr) នាយកកម្មវិធីធនធានទឹកសាបអន្តរជាតិនៃអង្គការ WWF មានប្រសាសន៍ថា “ការធ្លាក់ចុះនេះជាការប្រកាសអាសន្នសម្រាប់ធនធានទឹកសាប ដែលយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត។”

របាយការណ៍របស់អង្គការ WWF បានគូសបញ្ជាក់អំពីកត្តាគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធអេកូឡូស៊ីទឹកសាប និងត្រីទឹកសាប រួមមានការនេសាទហួសកម្រិត និងការប្រើប្រាស់មធ្យោបាយនេសាទបែបបំផ្លិចបំផ្លាញ ការបំផ្លាញទីជម្រក ទំនប់វារីអគ្គីសនីកាត់ដងទន្លេ ការប្រើប្រាស់បរិមាណទឹកហួសកម្រិតសម្រាប់ការ ស្រោច ស្រព និងការបំពុលដែលមានប្រភពចេញពីការប្រើប្រាស់ទឹកតាមគេហដ្ឋាន ការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្មនិងឧស្សាហកម្ម។ បន្ថែមលើនេះទៀត ត្រីទឹកសាបកំពុងតែទទួលរងនូវហានិភ័យពីការហូរចូលប្រភេទត្រីរាតត្បាតមកពីប្រភពខាងក្រៅ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាការបូមខ្សាច់ដែលគ្មាននិរន្ដរភាព និងបទល្មើសសត្វព្រៃផងដែរ។

ទន្លេមេគង្គដែលជាទីជម្រករបស់ត្រីទឹកសាបចំនួនជាង១.១០០ប្រភេទ គឺជាទន្លេមួយដែលមានផលិតភាពធនធានត្រីទឹកសាបច្រើនជាងគេបំផុតក្នុងចំណោមទន្លេផ្សេងទៀតលើពិភពលោក។

បច្ចុប្បន្ន ប្រជាជនកម្ពុជាទទួលបានប្រូតេអ៊ីនប្រមាណ១៦ភាគរយពីការបរិភោគសាច់ និងសារធាតុប្រូតេអ៊ីនចំនួន២៨ ភាគរយ ពីការបរិភោគត្រីទឹកសាបដែលមានប្រភពមកពីអាងទន្លេមេគង្គ។

ប៉ុន្តែត្រីទឹកសាប នៅបន្តទទួលបានការផ្ដល់តម្លៃទាប និងមិនទទួលបានការយកចិត្តទុកដាក់ ដែលជាហេតុនាំឱ្យត្រីទឹកសាបរាប់ពាន់ប្រភេទកំពុងតែឈានទៅរកការវិនាសផុតពូជ។ ជីវៈចម្រុះទឹកសាបកំពុងទទួលរងការធ្លាក់ចុះទ្វេដងនៃអត្រាធ្លាក់ចុះនៃជីវៈចម្រុះសមុទ្រនិងព្រៃឈើ។

ជាក់ស្តែង ត្រីទឹកសាបចំនួន៨០ប្រភេទ ត្រូវបានចាត់ជា”ប្រភេទផុតពូជ” ក្នុងបញ្ជីក្រហមនៃប្រភេទសត្វទទួលរងគ្រោះ របស់សហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងនោះរួមមានទាំងត្រីទឹកសាបចំនួន១៦ប្រភេទ ដែល បានកត់ត្រាជាប្រភេទផុតពូជក្នុងឆ្នាំ២០២០ផងដែរ៕

Advertisement
Advertisement