ក្រោយបានឃើញវីដេអូបង្ហោះ ពីកញ្ញា មាន ពេជ្ររីតា ក្នុងសម្លេងដ៏សោកសៅ ព្រោះតែនាងត្រូវបានគេប៉ុនប៉ងរំលោភ ហើយបែរជាចោទប្រកាន់ថា នាងលួចទ្រព្យសម្បត្តិគេទៅវិញនោះ មានសិល្បក សិល្បៈការិនីជាច្រើន បានចេញមកធ្វើការគាំទ្រ និងលើកទឹកចិត្តដល់រូបនាង។
នៅលើបណ្តាញសង្គមនៅថ្ងៃនេះ សិល្បករល្បីៗមួយចំនួនធំ បានប្រើប្រាស់ hashtag #stopviolenceagainstwomen និង #JusticeForWomen ជាដើម ព្រមជាមួយឃ្លាដ៏ខ្លោចចិត្ត ដែលត្រូវបាននិយាយដោយរូបនាងថា “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” ។
សូមបញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា ដែលជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ My TV ត្រូវបានលោកឧកញ្ញា ហេង សៀ ប្តឹងទៅប៉ូលិសថា រូបនាងបានលួចទូរស័ព្ទ និងប្រើប្រាស់អំពើហិង្សាមកលើលោកឧកញ៉ាថែមទៀត រហូតដល់សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនរូបនាង និងបានបញ្ជូនទៅកាន់តុលាការ ហើយតុលាការបានចោទប្រកាន់រូបនាងកាលពីថ្ងៃម្សិលមិញ ពីបទលួចមានស្ថានទម្ងន់ទោស។
ប៉ុន្តែនៅថ្ងៃនោះដែរ កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹង ប្តឹងបកទៅលោកឧកញ៉ា ហេង សៀ វិញ ដោយថា លោកឧកញ៉ាបានព្យាយាមរំលោភរូបនាងនៅលើរថយន្ត ហើយនាងគ្រាន់តែរើបំរាស់ និងគេចខ្លួនពីការរំលោភនោះតែប៉ុណ្ណោះ ហើយថា នាងមានការងារជាពិធីការិនី និងមានកិត្តិយស តើចាំបាច់អ្វីត្រូវលួចទូរស័ព្ទដែលមានតម្លៃត្រឹមតែជាង ១ពាន់ដុល្លារនោះ?
យ៉ាងណាក៏ដោយ ចំពោះករណីនេះ គេរំពឹងថា តុលាការនឹងស្វែងរកយុត្តិធម៌ ចំពោះជនរងគ្រោះពិតប្រាកដ៕