Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាមេរិកចង់សហការជាមួយកម្ពុជាលើវិស័យប្រេងកាត និង​ការ​វិនិយោគមួយ​ចំនួនទៀត

កម្ពុជាស្នើ​ឲ្យអាមេរិកពិចារណាដោះស្រាយបណ្តុលដែលកម្ពុជាជំពាក់
និង កិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

សម្តេច ហ៊ុន សែន និង​លោកស្រី លោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក

ក្នុងជំនួបជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា កាលពី​រសៀលថ្ងៃទី១ ឧសភា ម្សិលមិញ លោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិកបានលើក​ឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ លោកប្រធានាធិបតី Joe Biden ជូនសម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​នេះគឺជាបំណងរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

សម្តេច ហ៊ុន សែន និង​លោកស្រី លោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក

លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេច ហ៊ុន សែន​ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកលោកស្រីអនុរដ្ឋមន្រ្តីការបរទេស​បានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកជំទាវផងដែរ ក្នុងឱកាសដែលលោកជំទាវ Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះជាពិសេសអ្វីដែលលោកជំទាវបានលើកឡើង ដូចជាការដោះស្រាយបំណុល សម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖

ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ

ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និង

ទី៣) បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លើសពីនេះទៅទៀតសម្ដេចតេជោក៏សូមស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

ជាការឆ្លើយតប លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនឯកឧត្តមប្រធានាធិបតី Joe Biden ៕

Advertisement
Advertisement