Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

អាជ្ញាធរជាតិអប្សរា បិទការឡើងចុះទស្សនា ប្រាសាទភិមានអាកាស ដើម្បីធ្វើការជួសជុល

ប្រាសាទភិមានអាកាស

ប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំ ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការបិទចុះឡើងទស្សនាជាបណ្ដោះអាសន្ន ដើម្បីសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងធ្វើការជួសជុលបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ប្រាសាទភិមានអាកាស

យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានបង្ហាញថា បច្ចុប្បន្នប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំ កំពុងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងប្រឈមហានិភ័យខ្ពស់ ដោយសារកត្តាអាយុកាល និងធម្មជាតិ។

ក្នុងលិខិតដដែលបានបន្ដថា ដោយសង្កេតឃើញពីបញ្ហាចំពោះមុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងសម្រាប់ការងារជួសជុលបន្ទាន់ ក្នុងន័យដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរានឹងធ្វើការបិទឡើងចុះទស្សនាប្រាសាទអតីតភិមានអាកាសតាមច្រកផ្នែកខាងលិចជាបណ្ដោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។

_

សូម​បញ្ជាក់ថា ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមបីជាន់។ គ្រឹះថ្មបាយក្រៀមទាំងពីរជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់ ៤ម៉ែត្រ និងមានជណ្ដើរគ្រប់ទិសទាំងបួន។ ជាន់ក្រោមបង្អស់ មានទទឹងជើង-ត្បូង ប្រវែង ២៨ម៉ែត្រ និងបណ្ដោយកើត-លិច ប្រវែង ៣៥ម៉ែត្រ។ នៅអមសងខាងជណ្ដើរឡើង ត្រង់មុំជ្រើងគ្រឹះទាំងបីជាន់ មានចម្លាក់រូបសិង្ហ និងរូបដំរី៕

Advertisement
Advertisement