Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូលីប៉ាយ ផ្តល់​សាប៊ូ និង​សម្ភារៈ​ទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់វិទ្យាល័យជាស៊ីមសន្ធម៉ុក

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩មួយ​ចំនួន ប្រគល់ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យជាស៊ីមសន្ធម៉ុក សម្រាប់ប្រើប្រាស់ ខណៈវិទ្យាល័យ​មួយ​នេះ កំពុង​បើក​ដំណើរ​ការ​ឡើងវិញ ដោយអនុវត្ត​នូវវិធានការ SOP ដែលបានដាក់ចេញដោយ​ក្រសួងអប់រំ យុវជន​ និងកីឡា។

ក្រុមការងារសាប៊ូលីប៉ាយ ផ្តល់សាប៊ូដល់អភិបាលខណ្ឌទួលគោក

ក្នុង​ឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា អំណោយ​របស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះ គឺជាអំណោយ​ដ៏​មាន​សារៈសំខាន់ ចំពេលអាជ្ញាធរបានអនុញ្ញាត​ឲ្យ​សាលារៀន​បើក​ឡើងវិញ ដែលចាំបាច់ត្រូវការសម្ភារៈ​ទាំងនេះដើម្បីប្រើប្រាស់។ ជាមួយ​គ្នា​នេះ លោក ជា ពិសី ក៏​បានជូនពរឲ្យ​ក្រុមហ៊ុន​រកស៊ីទទួលទានមានបាន ជៀសផុតនូវ​ជំងឺកូវីដ១៩ ហើយរំពឹងថា នឹង​មាន​ឱកាស​ក្នុង​ការ​សហការគ្នានៅពេលក្រោយទៀត។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក

លោក ឡៅ ប៉ូលីណា នាយកវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក៏បានថ្លែង​នូវ​សេចក្តីសោមនស្សរីករាយក្រៃលែង ដែលទទួលបាននូវ​សម្ភារៈដ៏មានតម្លៃ ក្នុង​បរិបទកូវីដ១៩នេះ ហើយថា លោក​នឹង​យកទៅប្រើប្រាស់សម្រាប់លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សលាងសម្អាតដៃ ក៏ដូចជាលាង​សម្អាតទីតាំងនានាក្នុងសាលា។

លោក ឡៅ ប៉ូលីណា នាយកវិទ្យាល័យជាស៊ីមសន្ធរម៉ុក

លោក ម៉ាន់ ពន្លឺពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានមានប្រសាសន៍ថា គិត​មក​ទល់ពេលនេះ សាលារៀន​ក្នុង​ខណ្ឌចំនួន២ហើយ គឺខណ្ឌច្បារអំពៅ និង​ខណ្ឌទួលគោក ដែលក្រុមហ៊ុនបាន​ផ្តល់សាប៊ូជូន សម្រាប់​រួមគ្នា​បង្ការ និង​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​យុទ្ធនាការចែកជូនសាប៊ូ​ដល់គ្រឹះស្ថានសិក្សា​ជាបន្ត​បន្ទាប់ទៀត។

លោក ម៉ាន់ ពន្លឺពេជ្រ នាយកផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនសាប៊ូលីប៉ាយ

តាមលោក ពន្លឺពេជ្រ គោលនយោបាយរបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ គឺចែកជូនសាប៊ូ​ទៅ​ដល់​គ្រប់គ្រឹះស្ថានសិក្សា​ទាំងអស់ដែលត្រូវការ ដោយ​គ្រឹះស្ថានសិក្សាទាំងនោះ គ្រាន់តែធ្វើការទំនាក់ទំនង​កាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ ឬតាមដេប៉ូសាខារបស់ក្រុមហ៊ុន​តែប៉ុណ្ណោះ។

សូម​បញ្ជាក់ថា ក្រោម​ពាក្យ​ស្លោក លីប៉ាយ គិត​គូពីសុខភាពប្រជាជនជាធំ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​បានធ្វើការ​ប្រកាសផ្តល់ជូនគ្រឹះស្ថានសិក្សា​សាធារណៈទាំងអស់ នូវ​សាប៊ូលីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិក្សា​នុសិស្ស​ប្រើប្រាស់ ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាស​ដែលក្រសួងអប់រំបានអនុញ្ញាតឲ្យបើកដំណើរសាលារៀនឡើងវិញ៕

Advertisement
Advertisement

Facebook

អត្ថបទទាក់ទង

error: Content is protected !!