Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រជាពលរដ្ឋខ្មែរ១៣នាក់ត្រូវមេខ្យល់ដឹកទៅប្លុងចោលក្នុងចំការដំឡូងមី ក្រោយចូលទឹកដីថៃមិនបានសម្រេច

កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណជាង ១១យប់ថ្ងៃទី១៤ ខែតុលា កម្លាំងល្បាតបានប្រទះឃើញប្រជាពលរដ្ឋខ្មែរ១៣នាក់ ត្រូវគេយកមក​ប្លុងចោលក្នុងចំការដំឡូងមីមួយកន្លែង ស្ថិតនៅ​ចំណុចខាងកើត​ផ្លូវ​លេខ៥៨ក្រវ៉ាត់ព្រំដេន ក្នុង​ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ពលករខ្មែរទាំង១៣នាក់ ក្នុងនោះមានស្រី០៥នាក់ និងកុមារ០១នាក់ រស់នៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ។

បើយោងតាមការបំភ្លឺរបស់ពលរដ្ឋខ្មែរទាំង១៣នាក់ប្រាប់ថា ពួកខ្លួនពិតជាមានបំណងចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ហើយបានទាក់ទងបងប្អូនដែលធ្វើការនៅប្រទេសថៃដើម្បីទៅរកការងារធ្វើ បន្ទាប់មកពួកខ្លួនក៏បានទាក់ទងមេខ្យល់ (មិនស្គាល់មុខ) ដោយគេយកថ្លៃឈ្នួលក្នុងម្នាក់៦,០០០បាត ។

បន្ទាប់មកមេខ្យល់បានឲ្យរថយន្តម៉ាកតូរីសពណ៌ស១២កៅអីមិនចាំស្លាកលេខ ទៅយកពួកខ្លួននៅផ្ទះ ។ ពេលធ្វើដំណើរដល់ទីរួមស្រុកថ្មពួក ម្ចាស់រថយន្តនោះបានសុំលុយពួកខ្លួនម្នាក់១,៥០០បាត ប្រាប់ថាយកឲ្យថ្លៃអ្នកជូនផ្លូវឆ្លងដែន ។

ក្រោយយកលុយរួច ម្ចាស់រថយន្តបានឲ្យរថយន្តចំនួន០២គ្រឿងទៀតម៉ាកនីសាន់មួយគ្រឿង ពណ៌ត្រេអ៊ី(ឡានទាហ៊ាន)០១គ្រឿង និង០១គ្រឿងទៀត ម៉ាកកាមរី ពុំចាំស្លាកលេខ មកសាងដឹកបន្តទៅច្រកបឹងត្រកួន ហើយបានដឹកទៅលាក់ទុកក្នុងចំការដំឡូងមីមួយកន្លែងឲ្យរង់ចាំមេខ្យល់មកទទួលយកទៅបន្ត ។

ដោយនៅចាំមេខ្យល់យូរពេក មិនឃើញមានអ្នកមកទទួល ម្យ៉ាងមេឃភ្លៀងផងនោះពួកខ្លួនក៏បាននាំគ្នាចេញមកលើផ្លូវក៏ត្រូវសមត្ថកិច្ចឃាមឃាត់សួរនាំតែម្តង។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើការអប់រំ ណែនាំពួកគាត់កុំឲ្យចាញ់បោកមេខ្យល់ នាំឲ្យខាតបង់ប្រាក់កាស ព្រោះបច្ចុប្បន្នទាំងថៃនិងកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ឆ្លងដែនខុសច្បាប់។

ក្រោយពីបានធ្វើការអប់រំ និងកិច្ចសន្យារួច ពលរដ្ឋទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌល​ចត្តាឡី​ស័កវិទ្យាល័យសម្តេចឪ៕

Advertisement
Advertisement