Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកព្រៃកប្បាសចុះបិទ​អាហារដ្ឋាន​មួយ​កន្លែង បន្ទាប់ពីរកឃើញថា សំណង់គ្មានគុណភាព តែពលរដ្ឋរិះគន់មន្ត្រីជំនាញថា មិនធ្វើការបណ្តោយ​ឲ្យ​សំណង់ធ្វើរហូតរួចរាល់

សំណង់អាហារដ្ឋានគ្មានច្បាប់មួយកន្លែងស្ថិតក្នុងភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសចុះធ្វើ​ការ​ផ្អាកដំណើរការលក់ដូរជាបន្ទាន់…

(តាកែវ)៖ សំណង់អាហារដ្ឋានគ្មានច្បាប់មួយកន្លែងស្ថិតក្នុងភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសចុះធ្វើ​ការ​ផ្អាកដំណើរការលក់ដូរជាបន្ទាន់ បន្ទាប់ពីពិនិត្យមើលសំណង់នេះឃើញថាគ្មានគុណភាពបច្ចេកទេសត្រឹមត្រូវ។

កាចុះផ្អាកនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយលោក ញ៉ែម ស្រស់ និងមានការចូលរួមពីប្រធានការិយាល័យភូមិបាលស្រុកព្រៃកប្បាសផងដែរ។

លោក ញ៉ែម ស្រស់ បានឲ្យ​ដឹងថា មុនឈានដល់ការបិទអាហារដ្ឋានមួយនេះ លោកបានចុះពីនិត្យ២ដងរួចហើយ គឺឃើញថា សំណង់នេះគ្មានច្បាប់សាងសង់ ខុសលក្ខណៈបច្ចេកទេសទាំងស្រុង ដូច្នេះដើម្បីធានាមិន​ឲ្យ​មានគ្រោះថ្នាក់ដល់ពលរដ្ឋ គឺលោកសំរេចឲ្យ​ម្ចាស់ទីតាំងបិទជាបន្ទាន់ និងត្រូវសាងសង់ទៅតាមក្រុមមន្រ្តីជំនាញដាក់ជូនវិញ។

ជុំវិញករណីខាងលើនេះ ពលរដ្ឋរស់​នៅ​ក្នុងស្រុកព្រៃកប្បាសបានសម្ដែងការហួសចិត្ត ទៅលើលោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាសថា មិនបានបើកភ្នែកមើលសំណង់នេះតាំងតែពីដំបូងមកទេ ទាល់តែគ្នាសង់រួចរាល់និងបានសម្ភោធដំណើរការអាជីវកម្ម ទើបថាខុសបច្ចេកទេស គ្មានច្បាប់អនុញ្ញាតិ និងបិទអាជីវកម្មគ្នាទៅវិញ។

ពលរដ្ឋបាននាំគ្នារិះគន់ ប្រធានភូមិបាលស្រុកព្រៃកប្បាសរូបនេះថា មានភាពមិនប្រក្រតីជាច្រើនករណី ដូចជារឿងប្រព្រឹត្តអំពើពុករលួយរឿងសាងសង់សំណង់ដែលត្រូវបង់លុយឲ្យ​គាត់ចាប់ពី១៧០ដុល្លារដល់២០០ដុល្លារ។ ជាក់ស្ដែងសំណង់នៅផ្សារជ្រែ ស្ថិត​នៅ​ឃុំអង្កាញ់ ម្ចាស់ផ្ទះបាននិយាយថា គេ​បាន​ឲ្យ​លុយលោក ឆុង ផូ ចំនួន២០០ដុល្លាររួចហើយ និងបានធានាឲ្យ​គាត់សង់ផ្ទះ តែពេលសង់ជិតរួច បែរជាលោកអភិបាលស្រុកបញ្ជាឲ្យ​ចុះផ្អាកការសាងសង់ទៅវិញ។

ជាមួយ​គ្នា​នេះ ពលរដ្ឋស្នើរដល់លោក នួន សុធា ប្រធានសំណង់ និង​មន្ទីរសុរិយោដីខេត្តតាកែវ សូម​មេត្តាបើកការស៊ើបអង្កេតលើលោក ឆុង ផូ ខាងលើនេះផង ដើម្បីជៀសវាងកើតរឿងធំជាងនេះ៕

Advertisement
Advertisement